ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អង្គម្រេញ ស្រុកអង្គស្នួល

27-03-2026 15:45

(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អង្គម្រេញ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកអង្គស្នួល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់។

លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល បានឲ្យដឹងថា ព្រះសីលជោតិញាណ សឿង ធី ព្រះចៅអធិការវត្តពោធិ៍អង្គម្រេញ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានខិតខំលះបង់យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងកៀរគរធនធានថវិកា ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការកសាងទ្រទ្រង់វត្ត រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះ សរុបជាបច្ច័យកសាងជិត៤០ម៉ឺនដុល្លារ។

ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។

លោកអភិបាលខេត្តកណ្ដាល បានបន្តថា សមិទ្ធផលទាំងនេះ មិនត្រឹមតែផ្ដល់ជាទីសេនាសនៈ ប្រគេនព្រះសង្ឃគង់អាស្រ័យ និងបំពេញសមណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាតឹកតាងបង្ហាញពីភាពរឹងមាំ និងកម្លាំងសាមគ្គីភាពដ៏ប្រពៃថ្លៃថ្លា ក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរុងរឿងតទៅមុខជានិរន្តន៍៕