ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារអបអរសាទរជូន ប្រធានរដ្ឋសភាវៀតណាម អបអរសាទរចំពោះជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតជាតិលើកទី១៤ នៃគណបក្សកុម្មុយនីស្តវៀតណាម
27-03-2026 17:06
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្ញេីសារលិខិតអបអរសាទរ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងជូនចំពោះ សហការី និងប្រជាជនវៀតណាម ក្នុងឱកាសនៃការរៀបចំមហាសន្និបាតជាតិ លើកទី១៤ នៃគណបក្សកុម្មុយនីស្តវៀតណាម ដែលបានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងលិខិតអបអរសាទរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖
«តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភា សហការី និងប្រជាជនវៀតណាម ក្នុងឱកាសនៃការរៀបចំមហាសន្និបាតជាតិ លើកទី១៤ នៃគណបក្សកុម្មុយនីស្តវៀតណាម ដែលបានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។
ខ្ញុំសូមសម្ដែងនូវសេចក្ដីពេញចិត្តជាអនេកចំពោះចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ឈរលើគោលការណ៍នៃការគោរពគ្នា និងផលប្រយោជន៍រួម ហើយដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងបកបដោយ ស្ថិរភាពយូរអង្វែង»។
សម្តេចមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែលមានស្រាប់ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងសា្ថប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគត នាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក៏ដូចជាដើម្បីឈានទៅសម្រេចបាននូវសុខសន្តិភាពយូរអង្វែង និងវិបុលភាព ក្នុងតំបន់ និងលើសកលលោក៕








