សេចក្តីរាយការណ៍! ថៃ នៅតែបន្តមិនគោរពច្បាប់អន្តរជាតិ និងរំលោភបទឈប់បាញ់ដែលភាគីទាំងពីរបានចុះហត្ថលេខា ស្តែងតាមរយៈសកម្មភាពបំពានទឹកដីកម្ពុជា នៅចំពោះបណ្តាអង្គទូតបរទេស
27-03-2026 17:25
(ពោធិ៍សាត់)៖ គិតមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ មានរយៈពេល៣ខែមកហើយ ពោលបទឈប់បាញ់ត្រូវបានចុះហត្ថលេខាព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក៏ប៉ុន្តែ ក្រោយបទឈប់បាញ់ភាគីយោធាថៃ បានក្បត់សន្យា ដោយបានធ្វើសកម្មភាពរំលោភបំពានចូលមកដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ទាំងកម្រោយ និងខុសច្បាប់។
ជាក់ស្តែងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងតំណាងបេសកកម្មបរទេសប្រចាំកម្ពុជា ចុះទៅពិនិត្យដោយផ្ទាល់ការដាក់ទូកុងតឺន័រ និងការដំឡើងទង់ជាតិ ពីសំណាក់យោធាថៃនៅឃុំថ្មដា ដែលជាការបំពានអធិបតេយ្យភាពកម្ពុជា។
ចំពោះសកម្មភាពនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលគឃ្លើនគ្រប់គ្រងនៅក្នុង និងជុំវិញតំបន់ជនស៊ីវិលខ្មែរ។ កម្ពុជាបានព្រួយបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីថៃនេះ ជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។
កម្ពុជា បានប្រឆាំងជំទាស់យ៉ាងខ្លាំង ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលកំពុងធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល តាមរយៈពង្រឹងការគ្រប់គ្រងយោធា និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង។ ចំណុចនេះ ក៏រាប់បញ្ចូលទាំងការរាយបន្លាលួស ដាក់ទូកុងតឺន័រ។
សកម្មភាពបំពានរបស់យោធាថៃនៅពេលនេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាដោយចាត់ទុកសកម្មភាពនេះ ជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ៕



























