បណ្ឌិតសភាចារ្យ សុខ ទូច ជំរុញឱ្យចងក្រងវប្បធម៌ «ចូលម្លប់របស់ស្រ្តីខ្មែរ» ធ្វើជាឯកសារសៀវភៅ សម្រាប់ក្មេងជំនាន់ក្រោយអាន
27-03-2026 17:34
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និយាយលើកតម្កើនអំពីតម្លៃនៃវប្បធម៌ចូលម្លប់របស់ស្រ្តីខ្មែរពីបុរាណ ហើយលោកបានជំរុញឱ្យចងក្រងវប្បធម៌ «ចូលម្លប់របស់ស្រ្តីខ្មែរ» ធ្វើជាឯកសារសៀវភៅនានា សម្រាប់ក្មេងជំនាន់ក្រោយអាន ដើម្បីជាការយល់ដឹង។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅក្នុងវេទិកាស្ដីពី មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលសហការរៀបចំដោយ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះដោយមានការចូលរួមពី លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ជា សុភាព នៃមជ្ឈមណ្ឌលបុប្ផាណា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូប។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា៖ «មនុស្សស្រីដើរតួសំខាន់ណាស់ក្នុងការចូលម្លប់គឺបង្ហាញអំពីទិដ្ឋភាពពិតរបស់ស្ត្រី ដែលត្រូវបានប្រកាសថា ស្ត្រីរូបនេះពេញក្រមុំហើយ ដោយសារកុំឱ្យស្ត្រីមានភាពអៀនខ្មាស់។ ហើយយើងត្រូវតែសរសេរដើម្បីទុកធ្វើជាឯកសារ ធ្វើជាសៀវភៅសម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយអាន ដោយសារតែសង្គមឥឡូវមានការវិវត្ត ហើយយើងមិនអាចធ្វើពិធីដូចសម័យមុនបានទេ»។
លោកបណ្ឌិតបានបន្ដថា អ្វីដែលឆ្លងកាត់គឺខ្មែរយើងមានយូរណាស់មកហើយក្នុងប្រវត្តិសាស្រ្ត អ្វីដែលបង្ហាញនេះគឺក្រោយសម័យអង្គរនោះទេ។ហើយអ្វីដែលបង្ហាញទាំងអស់ហ្នឹង លើកលែងតែមួយគត់ គឺកន្លែងគេហៅថា «កោរសក់»។ យើងត្រូវរួមគ្នារក្សាសរសេរកុំនិយាយតាមមាត់មួយ ទៅមាត់មួយ អញ្ចឹងយើងត្រូវតែសរសេរឱ្យដូនតាយើង ហើយដូនតារបស់យើងលំបាកណាស់ដែលចារនៅលើផ្ទាំងថ្ម។
ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានបន្ដថា ភាពយន្ត គឺជាចំណែកវប្បធម៌ដ៏សំខាន់ហើយ គឺជាចំណែកនៃការចម្លងចំណេះដឹងដ៏សំខាន់សម្រាប់សង្គមទាំងមូល មិនត្រឹមតែកម្ពុជា បានក្នុងខណៈប្រទេសជាតិពិភពលោកជួបនូវវិបត្តិសោកសៅយ៉ាងក៏ដោយ ប៉ុន្ដែក៏មិនដែលចោលសិល្បៈភាពយន្ត សិល្បៈសម្តែង ដែលបាននាំមកនូវការចងចាំនិងចំណេះដឹងជាច្រើនសម្រាប់មនុស្សជាតិបានគ្រប់ដំណាក់កាលទាំងអស់។
លោកបណ្ឌិតបានបន្ថែមថា វេទិកានេះធ្វើឲ្យមហាជនយើងបានស្គាល់នូវមហោស្រពភាពយន្ដ ហើយអាចចូលរួមក្នុងការផលិត ទស្សនា និងលើកតម្លៃ ហើយតម្លៃមរតកវប្បធម៌ សិល្បៈវប្បធម៌កម្ពុជា ទៅឲ្យបុគ្គលនីមួយៗទទួលខុសត្រូវ ហាក់ដូច្នេះមិនទាន់មានយន្តការច្បាស់លាស់ ជាការកត់ត្រាសំខាន់ណាស់ សម្រាប់បទមរតកវប្បធម៌និងតាមរយៈសិល្បៈសម្តែងយុវជនងាយទទួលយកបានតាមរយៈការសម្តែងតាមរយៈការបង្ហាញនៅក្នុងវិស័យសិល្បៈទាំងភាពយន្តទឹកការសម្តែងផ្សេងទៀតដែរ។
បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា អ្នកសិក្សាស្រាវជ្រាវឱ្យស្រប និងនៃការថ្មី ដើម្បីបញ្ជ្រាបចំណេះដឹងប្រវត្តិធម៌ប្រវត្តិសាស្ត្ររបស់ យើងទៅប្រជាពលរដ្ឋ ហើយការផលិតផ្សព្វផ្សាយភាពយន្តឯកសារ គឺជាផ្នែកក្នុងការចូលរួមចំណែកក្នុងការអភិរក្សលើកតម្កើងវប្បធម៌ ប្រវត្តិសាស្រ្ត អត្តសញ្ញាណជាតិ សម្រាប់បច្ចុប្បន្ននិងពេលអនាគត៕













