ឯកឧត្តមបណ្ឌិត ជីវ កេង ថ្លែងអំណរគុណ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីចម្រើនជន្មាយុ

27-03-2026 17:54

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានចេញសារលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារលិខិតជូនពរ នូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ខ្ញុំបាទ និងភរិយា មានសេចក្តីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ដែលបានផ្ញើសារលិខិតជូនពរខ្ញុំបាទ នូវសព្ទសាធុការ ពរជ័យនៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំបាទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមសម្ដែង នូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និង សកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលកន្លងមក បានខិតខំយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ក្នុងការបំពេញភារកិច្ចដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ និងបានចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរព សិទ្ធិមនុស្សជាមូលដ្ឋាន ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព ការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មាតុភូមិអង្គរជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើនជឿនលឿន។


នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាឆ្នាំថ្មីដែលថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យគ្រប់យ៉ាង ចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណជានិច្ចនិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ។


សូម សម្តេចវិបុលសេនាភក្តី និង លោកជំទាវ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាព ដ៏ស្មោះអំពីខ្ញុំបាទនិងភរិយា»៕