ឯកឧត្តមបណ្ឌិត ជីវ កេង ថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីចម្រើនជន្មាយុ

27-03-2026 18:14

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានចេញសារលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ញើសារលិខិតជូនពរ នូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ខ្ញុំបាទ និងភរិយាមានសេចក្តីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសារលិខិតជូនពរខ្ញុំបាទ នូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំបាទ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចអគ្គ មហាសេនាបតីតេជោ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្តេច បានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុ ឯកភាពទឹកដី ផ្សះផ្សាបង្រួបបង្រួមជាតិ កសាងសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះយ៉ាង រឹងមាំសម្រាប់កសាងប្រទេសជាតិយើង ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សំដៅកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍប្រទេសជាតិ ឱ្យសម្រេចបានការរីកចម្រើនយ៉ាងលឿនឆាប់រហ័ស ហើយកិត្យានុភាព របស់ប្រទេសត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ននេះ សម្តេច បានដាក់ ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារពីការឈ្លានពាន របស់បរទេសមកលើអធិបតេយ្យភាព និង បូរណភាពរបស់កម្ពុជា។

នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាឆ្នាំថ្មីដែលថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះត្រង់ បំផុតអំពីខ្ញុំបាទនិងភរិយា»៕⁩