លោក សាយ គឹមឡម និងលោក ឡាយ ស៊ីលី នាំយកអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន ចែកជូនគ្រួសារងាយរងហានិភ័យ ២០០គ្រួសារ នៅឃុំពាមបាង
27-03-2026 19:02
(កំពង់ធំ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង ព្រមទាំងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋជាគ្រួសារងាយរងហានិភ័យចំនួន ២០០គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការយកចិត្តទុកដាក់ ដើម្បីចូលរួមសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះស្ថានភាពខ្វះខាត និងងាយរងហានិភ័យនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោក សាយ គឹមឡម និងលោក ឡាយ ស៊ីលី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបង្ហាញពីការយកចិត្តទុកដាក់ជានិច្ចរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អំណោយដែលបានចែកជូននាពេលនោះ គឺជាការចូលរួមដ៏មានអត្ថន័យក្នុងការជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារងាយរងហានិភ័យទាំង ២០០គ្រួសារ និងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការចែករំលែក និងការមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់នៅឯកោ ក្នុងពេលជួបការលំបាក។
ប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំស្រុក និងក្រុមការងារ ដែលបាននាំយកអំណោយមកចែកជូនដល់ពួកគាត់ដោយផ្ទាល់។
ជារួម ការចែកអំណោយនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងស្រុក ចំពោះប្រជាពលរដ្ឋងាយរងហានិភ័យ និងបានរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង៕









