លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋាន ជូនដល់យោធិន នៃកងអនុសេនាធំចល័ត (វគ្គ៤៦ និងវគ្គ៤៧) ចំនួន ៧២នាក់
27-03-2026 21:37
(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋានប្រតិបត្តិការ ជូនដល់យោធិននៃកងអនុសេនាធំចល័ត (វគ្គ៤៦ និងវគ្គ៤៧) ចំនួន ៧២នាក់ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងពិធីនេះ តាមប្រសាសន៍ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងនូវចំណុចខ្វះខាតមួយចំនួនដែលកម្លាំងកងអនុសេនាធំរបស់យើងអនុវត្តកន្លងមក តែទោះជាយ៉ាងណាក៏ដោយ ក៏នាយទាហានរងរបស់យើងបានខិតខំបំពេញការងារ ជូនអង្គភាពបានច្រើន ហើយសម្រាប់ការងារប្រចាំថ្ងៃនេះគឺជាបទពិសោធន៍ និងជាមេរៀនសម្រាប់ប្អូនៗទាំងអស់គ្នា ដូច្នេះសូមប្អូនៗទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងខិតខំរៀនបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាពបន្ថែម។
ជាពិសេសក៏បានផ្តាំផ្ញើ ដោយសង្កត់ធ្ងន់ថា ចំពោះនាយទាហានទាំងអស់៖ ត្រូវតែបន្តខិតខំរៀនសូត្របន្ថែមទៀត ហើយត្រូវយកចិត្តទុកដាក់ចំពោះតួនាទី ភារកិច្ចការងារ គោរពបទបញ្ជា ហាមដើរហូបចុកគ្រឿងស្រវឹងដែលអាចបង្កជាបញ្ហា និងមិនត្រូវដើរលេងយប់ផ្តេសផ្តាសដោយគ្មានបទបញ្ជា មិនត្រូវផុសបញ្ចេញអារម្មណ៍ និងខម្មិន (Comment) ផ្តេសផ្តាសក្នុងបណ្តាញសង្គមផ្សេងៗ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគោរពនិងស្រឡាញ់គ្នា ដោយត្រូវមានសាមគ្គីផ្ទៃក្នុងឱ្យបានល្អជាពិសេស។ ហើយមុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានជូនពរដល់ នាយទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចជានិរន្តរ៍ផងដែរ៕










































