រដ្ឋមន្ដ្រី ហួត ហាក់ ដឹកនាំរៀបចំពិធីប្រុងពលី ដើម្បីសុំសេចក្តីសុខសម្រាប់ការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ

28-03-2026 10:38

(ក្រចេះ)៖ ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពីធីប្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខ និងទទួលបានជោគជ័យសម្រាប់ការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ។

ពិធីនេះបានធ្វើ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា ក្នុងគោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ គឺដើម្បីបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងម្ចាស់ទឹកម្ចាស់ដី សូមឱ្យការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ប្រព្រឹត្តទៅដោយជោគជ័យ និងនាំមកនូវសេចក្តីសុខដល់ថ្នាក់ដឹកនាំនិងក្រុមការងារគ្រប់ៗ គ្នា។

ក្នុងពិធីប្រពៃណីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ គណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

សូមជម្រាបជូនថា ពិធីប្រុងពលី គឺជាពិធីបុរាណមួយតាមបែបប្រពៃណីសាសនា ដែលខ្មែរយើងនិយមធ្វើឡើងមុននឹងចាប់ផ្តើមការងារសំខាន់ណាមួយ ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឱ្យដំណើរការការងារប្រព្រឹត្តទៅដោយរលូន និងសិរីសួស្តី៕