អាវុធហត្ថខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារត្រីមាសទី១ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី២ ឆ្នាំ២០២៦

28-03-2026 14:00

(សៀមរាប)៖ កងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារត្រីមាសទី១ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី២ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះដែរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីមេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរងទទួលការងារជំនាញ, លោក លោកស្រី នាយសេនាធិការរង និងមន្ទីរ អង្គភាព នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការណែនាំដល់មេបញ្ជាការរង ទទួលជំនាញ ប្រធានអង្គភាពចំណុះកងរាជអាវុធហត្ថខេត្តទាំងអស់ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ត្រូវតែធានាឲ្យបានដាច់ខាតទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ការសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន ជាពិសេសចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam)ជាដើម។

លោកឧត្តមសេនីយ៍ត្រី បន្តថា ព្រមទាំងបទល្មើសៗផ្សេងៗ ស្របតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ជាមួយនេះដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានលើកនូវផែនការ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្តាប់ឲ្យបាន និងកំណត់មុខសញ្ញាជនបង្ក ក្នុងពេលដែលប្រជាពលរដ្ឋ, ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប៕