មន្ត្រីជាន់ខ្ពស់ CDC ចុះបេសកកម្មពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍តាមបណ្តាកោះ ក្នុងភូមិសាស្ត្រខេត្តកែប និងខេត្តព្រះសីហនុ

28-03-2026 14:13

(កែប-ព្រះសីហនុ)៖ នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃគម្រោងអភិវឌ្ឍន៍តាមបណ្តាកោះ នៅក្នុងភូមិសាស្ត្រខេត្តកែប និងខេត្តព្រះសីហនុ។

បេសកកម្មនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពជាក់ស្តែងនៃការអភិវឌ្ឍ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍គោរពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅតាមបណ្តាកោះឱ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត។

ជាការកត់សម្គាល់ គម្រោងវិនិយោគអភិវឌ្ឍន៍នៅតាមបណ្តាកោះក្នុងខេត្តកែប និងខេត្តព្រះសីហនុ មួយចំនួនមានវឌ្ឍនភាពគួរជាទីកត់សម្គាល់ ខណៈគម្រោងមួយចំនួនមានវឌ្ឍនភាពតិចតួច។

គម្រោងអភិវឌ្ឍនៅតាមបណ្តាកោះ បានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែង តាមរយៈការបង្កើនផលិតផលទេសចរណ៍ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍៕