អគ្គនាយក ARDB: ការប្រើប្រាស់ថ្នាំ និងជីកសិកម្មហួសកម្រិត អាចធ្វើឲ្យមានផលប៉ះពាល់ដល់គុណភាពដី និងទឹក, បើមិនមានការកាត់បន្ថយ ធនធានទាំង២នេះនឹងក្លាយជាធនធានកម្រ
28-03-2026 14:18
(ភ្នំពេញ )៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦ ដែលបានសហការរៀបចំឡើងដោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារណូវ៉ូតតែលភ្នំពេញ។
ក្នុងសុន្ទរកថាគន្លឹះនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការអនុវត្តផលិតកម្មកសិកម្មប្រកបដោយចីរភាព ពោលគឺការប្រើប្រាស់ដី ជី ថ្នាំ និងទឹក ឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ដើម្បីរក្សាបាននូវការប្រើប្រាស់ដោយចីរភាពនិងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិត ក៏បានសង្កេតឃើញថា ការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ហួសកម្រិត អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹកយ៉ាងធ្ងន់ធរ និងបើមិនមានការកាត់បន្ថយនិងប្រើប្រាស់ឲ្យបានត្រឹមត្រូវទេ ធនធានដី និងធនធានទឹក នឹងក្លាយជាធនធានកម្រនៅថ្ងៃអនាគត។
ក្នុងន័យនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បាននិងកំពុង ចូលរួមយ៉ាងពេញលេញក្នុងការការពារការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។
បន្ថែមពីនេះលោកបណ្ឌិត កៅ ថាច ក៏បានបញ្ជាក់អំពីការបន្តគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយសារតែវិស័យនេះ គឺជាវិស័យដ៏ចម្បងមួយក្នុងវិស័យកសិកម្មទាំងមូល និងជាដំណាំចម្បងសម្រាប់រក្សាសន្តិសុខស្បៀងរបស់កម្ពុជា។ ស្រូវ-អង្ករកម្ពុជា មិនមែនត្រឹមតែជាផលិតផលកសិកម្មនោះទេ ប៉ុន្តែវាតំណាងឱ្យជីវភាពរស់នៅរបស់ប្រជាកសិករ កម្លាំងសេដ្ឋកិច្ចជាតិ និងមោទនភាពជាតិ៕






















