យោធាថៃ បើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង ធ្វើសកម្មភាពក្រអឺតក្រទមនៅចំពោះមុខបណ្តាអង្គទូតបរទេសក្នុងតំបន់ថ្មដា បង្ហាញពីភាពយង់ឃ្នង និងជាទង្វើខុសច្បាប់អន្តរជាតិដែលបំពានដីខ្មែរ (Video inside)

28-03-2026 14:34

(ពោធិ៍សាត់)៖ ប្រទេសថៃ ទើបតែកកើតជារដ្ឋពេញលេញនៅសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ ពោលទឹកដីនេះបានមកពីការឈ្លានពានដណ្ដើមយកពីកម្ពុជា សរុបជាង៣០ខេត្ត ហើយភាពលោភលន់នេះ នៅតែរុញឲ្យថ្នាក់ដឹកនាំថៃ បច្ចុប្បន្នបន្តចង់បានលេបយកដីខ្មែរបន្ថែមទៀត។

ថៃតែងតែប្រកាសថា ប្រាសាទព្រះវិហារជារបស់ខ្លួន ប៉ុន្តែហេតុអ្វីថៃ បាញ់បំផ្លាញប្រាសាទព្រះវិហារ? បច្ចុប្បន្ននេះ ថៃប្រកាសថា ប្រាសាទតាក្របី ជារបស់ខ្លួន ប៉ុន្តែហេតុអ្វីបានជាថៃ បាញ់បំផ្លាញប្រាសាទតាក្របី? «ថៃនៅតែប្រើប្រាស់ទង្វើជាចោរ តែស្រែកឱ្យគេចាប់ចោរ»។

នៅក្នុងសទវត្សរ៍ទី២១ ទៅហើយ ក្នុងចិត្តពោលពេញដោយភាពស្រេកឃ្លានទឹកកម្ពុជា, យោធារបស់ថៃ បានបើកការឈ្លានពានទាំងកម្រោលដោយបំពានច្បាប់អន្តរជាតិ ដើម្បីជាលេសដោះសារចំពោះសហគមន៍អន្តរជាតិ ដោយបានប្រើប្រាស់ផែនទីឯកតោភាគី ដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់។ ចំពោះការបង្កើតផែនទីឯកតោភាគីរបស់ថៃ បានបង្ហាញថា នេះជាឥរិយាបទដែលមិនស័ក្តិសមជាសមាជិកមានការទទួលខុសត្រូវ របស់សហគមន៍អន្តរជាតិនោះឡើយ។

មុនពេល និងពេលព្រឹត្តិការណ៍ផ្ទុះសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា យើងបានសម្លឹងឃើញយ៉ាងច្បាស់មិនអាចប្រកែកបានឡើយពីការគប់គិតគ្នារវាងយោធាថៃ ដោយបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង ដែលមានប្រជាប្រិយភាព ក្នុងបណ្តាញសង្គមរបស់ថៃ ឱ្យធ្វើទង្វើរំលោភសិទ្ធិរបស់មនុស្សយ៉ាងធ្ងន់ធ្ងរខុសនឹងច្បាប់អន្តរជាតិ ដែលធ្វើឱ្យកិត្តិយសរបស់ជនជាតិថៃពេញមួយប្រទេសត្រូវអ័ព្ទឱន តាមរយៈទង្វើគ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ និងគ្មានសតិជាមនុស្សរបស់បុគ្គលថោកទាបម្នាក់នេះ។

បុគ្គល កាន់ ចមផ្លាំង ត្រូវបានគេមើលឃើញថា បានធ្វើ និងកំពុងបន្តធ្វើទង្វើជាច្រើនដែលរំលោភបំពានសិទ្ធិមនុស្សជាតិ ជាពិសេសសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា ដោយបុគ្គលរូបនេះ កាលពីមុនផ្ទុះសង្គ្រាមឈ្លានពានមកលើកម្ពុជា លើកទី២ បុគ្គលដែលគ្មានវិចារណញ្ញាណរូបនេះ បានដឹកលាកមជាច្រើនរថយន្តបម្រុងបាញ់ស្រោចមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់នៅក្នុងភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរ តាមរយៈកិច្ចព្រមព្រៀងចុះកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងយោធាថៃ និងបុគ្គល កាន់ ចមផ្លាំង បានរំលោភកិច្ចព្រមព្រៀង ពោលគឺបានរុលចូលមកក្នុងទឹកដីកម្ពុជាទាំងគឃ្លើន ក្នុងនោះយោធាថៃ បានរាយបន្លាលួស ដាក់ទូកុងតឺន័រ ហ៊ុំព័ទ្ធយកផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ យោធាថៃ ដោយមានការគាំទ្រពីបុគ្គល កាន់ ចមផ្លាំង បានដឹកទូកុងតឺន័រចំនួន៥០ទូ មកដាក់ហ៊ុំព័ទ្ធនៅមុខបន្លាលួស ដែលពួកគេបានរាយ កាត់ទទឹមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពនេះ គឺជាការរំលោភបទឈប់បាញ់ និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងពិតប្រាកដ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ យោធាថៃ ដែលមានការគាំទ្រដដែលពីបុគ្គល កាន់ ចមផ្លាំង បានចាប់ផ្តើមលើកដាក់ទូកុងទីន័រ បន្ថែមពីលើទូកុងទីន័រចាស់ និងលើប៉ាណូទង់ជាតិនៅច្រមុះជ្រូកផ្លូវបំបែកទៅខេត្តកោះកុង។

បន្ថែមពីលើសកម្មភាពរំលោភបំពានទឹកដីកម្ពុជា ដោយមិនខ្លាចរអារច្បាប់អន្តរជាតិនោះ យោធាថៃ រួមជាមួយបុគ្គល កាន់ ចមផ្លាំង និងបក្ខពួក នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានលើកទង់ជាតិរូបដំរី ក្នុងរង្វង់ក្រហម ដែលជានិមិត្តសញ្ញា «Thai Naval Ensign ឬ War Ensign» ទង់សង្គ្រាមកាលពីសង្គ្រាមលោកលើកទី១ នៅចំពោះមុខវត្តមានបណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រមាណ ២០រូប ដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ៕