សិក្ខាកាមយោធាកម្ពុជា ៤រូប នឹងចេញទៅសិក្សានៅបណ្ឌិតសភាការពារជាតិជាន់ខ្ពស់ជប៉ុន រយៈពេល៥ឆ្នាំ នៅដើមខែមេសា
28-03-2026 15:09
(ភ្នំពេញ)៖ សិក្ខាកាមយោធាវ័យក្មេងរបស់កម្ពុជា ចំនួន ៤រូប នឹងចេញទៅសិក្សាសាលាបណ្ឌិតសភាការពារជាតិជាន់ខ្ពស់ ប្រទេសជប៉ុន រយៈពេល ៥ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹងសមត្ថភាពនៅក្នុងវិស័យយោធា និងពង្រឹងទំនាក់ទំនងល្អទ្វេភាគី។
ដើម្បីអបអរសាទរដល់សិក្ខាកាមយោធាកម្ពុជាទាំង៤រូប ស្ថានទូតជប៉ុន នៅកម្ពុជា នាព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីជប់លៀងជូនដំណើរសិក្ខាកាម ដោយមានការចូលរួមពីលោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ។
សិក្ខាយោធាទាំង៤រូបនេះ រួមមានទី១៖ វរសេនីយ៍ទោ វ៉ា ឧត្តម ជាអតីតសិក្ខាកាមដែលបញ្ចប់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រសំណង់ស៊ីវិល នៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុនជំនាន់ទី៦៧ និងជាបេក្ខភាពត្រៀមបន្តរការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក សំណង់ស៊ីវិលនៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ក្នុងឆ្នាំ២០២៦, ទី២៖ វរសេនីយ៍ត្រី ពេជ បញ្ញារ័ត្ន បេក្ខភាពបន្តការសិក្សា ថ្នាក់បញ្ជាការសេនាធិការ នៅមហាវិទ្យាល័យបញ្ជាការសេនាធិ ការកងស្វ័យការពារជើងគោកជប៉ុន, ទី៣៖ នាយឯក ហែម រតនា បេក្ខភាពបន្តរការវសិក្សា ថ្នាក់បរិញ្ញាបត្រ នៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន និងទី៤៖ ពលទោ សុចិត្រ ប៉ុណ្ណាដែត បេក្ខភាពបន្តរការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន។
ក្នុងឱកាសនោះឯកអគ្គរាជទូតជប៉ុន បានថ្លែងថាពិតជាសប្បាយរីករាយណាស់ដែលនិស្សិតសិក្ខាកាមយោធាកម្ពុជាបានទៅសិក្សានៅបណ្ឌិត្យសភាការពារជាតិជប៉ុនគឺជានិស្សិតឆ្នើមដែលប្រកបដោយសមត្ថភាពខ្ពស់ ហើយអតីតនិស្សិតទាំងនោះ បាននឹងកំពុងធ្វើការយ៉ាងសកម្មនៅតាមតួនាទីសំខាន់ៗ ក្នុងកងយោធពលខេមរភូមិន្ទក៏ដូចជាក្រសួងការពារជាតិ។
ឯកអគ្គរាជទូតបានបញ្ជាក់ថា៖ «ការចូលរួមយ៉ាងសកម្មរបស់អតីតនិស្សិតនៃបណ្ឌិត្យសភាការពារជាតិ គឺជាការកម្លាំងចលករដ៏សំខាន់នៅក្នុងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងប្រទេសជប៉ុន និងកម្ពុជា»។
ចំណែកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន ក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ដែលនឹងត្រូវទៅរៀន ត្រូវប្តេជ្ញាចិត្តខិតខំសិក្សា ពង្រឹងសីលធម៌ វិន័យ និងស្មារតីសាមគ្គី ជាមួយនិស្សិតអន្តរជាតិ គោរពច្បាប់ប្រទេស ម្ចាស់ផ្ទះ និងរក្សាកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនឱ្យប្រសើរ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាព។
នាយឧត្តមសេនីយ៍ ភួង ស៉ីផាន បានបញ្ជាក់ថា៖ «ចំពោះរាល់សិក្ខាកាម ក្រោយបញ្ចប់ការសិក្សាត្រូវបាន ប្រគល់ភារៈកិច្ចស្របតាមមុខជំនាញឯកទេស យើងសង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថា អតីតសិក្ខាមទាំងអស់នឹងក្លាយជាកម្លាំងស្នូលជរឹងមាំក្នុងការពង្រឹង កសាង និងអភិវឌ្ឍន៍កងយោធពលខេរភូមិន្ទនាពេលបច្ចុប្បន្ន និងអនាគត»។
ឆ្លៀតក្នុងឱកាសនោះវរសេនីយ៍ទោ វ៉ា ឧត្តម បានថ្លែងអំណរគុណស្ថានទូតជប៉ុន ដែលបានរៀបចំពិធីជប់លៀងជូនដំណើរនេះដោយចាត់ទុកថាវាជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតបញ្ចប់ការសិក្សាពីសាលាបណ្ឌិត្យសភាការពារជាតិដើម្បីជួបជុំគ្នា និងបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងនិស្សិតបញ្ចប់ការសិក្សា និងនិស្សិតបច្ចុប្បន្ន នៃសាលាបណ្ឌិត្យសភាការពារជាតិ ហើយថែមទាំងតំណាងឱ្យទំនាក់ទំនងជិតស្និទ្ធ និងវិជ្ជមានរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យការពារជាតិផងដែរ។
លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសឱ្យសិក្ខាកាមទាំងបួននាក់សិក្សានៅប្រទេសជប៉ុន ក៏ដូចជាក្រសួងការពារជាតិកម្ពុជា ដែលអនុញ្ញាតឱ្យទៅសិក្សានៅទីនោះផងដែរ។
លោកបញ្ជាក់ថា៖ «នេះនឹងជាលើកទីពីររបស់ខ្ញុំដែលសិក្សានៅប្រទេសជប៉ុន។ ក្នុងអំឡុងពេលដ៏មានតម្លៃនេះ ខ្ញុំប្តេជ្ញាចិត្តក្នុងការពង្រឹងចំណេះដឹងរបស់ខ្ញុំ និងក្លាយជាបុគ្គលដែលមានសមត្ថភាពជាងមុនដែលអាចចូលរួមចំណែកដល់ សង្គម វិស័យការពារជាតិ និងប្រទេសជាតិ»។ លោកប្តេជ្ញាថា នឹងខិតខំប្រើប្រាស់សមត្ថភាពរបស់ខ្ញុំឱ្យអស់ពីសមត្ថភាព និងក្លាយជាស្ពានដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុននាពេល អនាគត៕










