ដូនចាស់ជាជនភៀសសឹក លាតត្រដាងការពិត និងបង្ហាញការឈឺចាប់ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ ធ្វើមកលើពលរដ្ឋស្លូតត្រង់ (Video inside)

28-03-2026 16:05

(ពោធិ៍សាត់)៖ ដូនចាស់ជាជនភៀសសឹក រត់គេចពីការធ្វើទុក្ខម្នេញពីសំណាក់យោធាថៃ បានលាតត្រដាងការពិត និងបង្ហាញពីការឈឺចាប់ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ បានធ្វើមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកយាយ គិន ធារី មានអាយុជាង៧០ឆ្នាំ រស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរៀបរាប់ថា៖ «វាមក វាដេញ វាចូលមករាតត្បាត ចូលមកលួចទ្រព្យសម្បត្តិប្រជាជនទាំងម៉ូតូ រទះ គោយន្ត ស្អីក៏វាយក សូម្បីតែមី វាយកស៉ីបោះចោលពេញហ្នឹង។ វាយកលុយខ្មែរ ហែកចោល និងជាន់ទៀត សូម្បីតែទង់ជាតិយើង ក៏វាយកទៅដុត និងជាន់ដែរ វាធ្វើបាបគ្រប់បែបយ៉ាង ខ្ញុំឈឺចុកចាប់ណាស់»

លោកយាយ គិន ធារី បានថ្លែងថា មុនពេលយោធាថៃ ចូលមករាយបន្លាលួស និដាក់ទូកុងតឺន័រ គឺយោធាថៃ បានចូលមកឈូសឆាយ ទឹកដីកម្ពុជា បន្តមកយោធាថៃ បានបើករថក្រោះ ព្រមទាំងពង្រាយកងទ័ពជាច្រើននាក់ ចូលភូមិឋានរបស់ពលរដ្ឋខ្មែរ នៅឃុំថ្មដា ដែលបង្កការភ័យខ្លាចដល់ពួកគាត់ ត្រូវបង្ខំចិត្តរត់ភៀសសឹក មករកទៅមានសុវត្ថិភាព។

«ថៃ វារាយបន្លាលួស ៣ ទៅ៤ជាន់ ព្រមទាំងដាក់ទូកុងតឺន័រ វាដេញយើងមិនឱ្យចូលផ្ទះវិញនោះទេ វាយោរឃៅ ធ្វើបាបប្រជាជនខ្មែរ មិនឱ្យនៅផ្ទះ វាយកដ្រូនទម្លាក់គ្រាប់បែក វាផ្លោងគ្រាប់ធ្វើឱ្យប្រជាជនវេទនា វាទម្លាក់គ្រាប់បែកពីលើយន្តហោះ»។ នេះជាការលើកឡើងបន្ថែមរបស់លោកយាយ គិន ធារី។

លោកយាយ គិន ធារី បានរម្លឹកថា កាលពីមុនសកម្មភាពឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា ប្រជាជនខ្មែរ ដែលរស់នៅតំបន់ថ្ម រស់នៅមានសេចក្តីសុខ ជួបជុំក្រុមគ្រួសារ រកស៉ីទទួលបានប្រកបដោយភាពកក់ក្តៅ។ ប៉ុន្តែ ចាប់ផ្តើមយោធាថៃ បើកការឈ្លានពានចូលតំបន់លោកយាយរស់នៅ សេចក្តីសុខ ភាពសប្បាយរីករាយ ត្រូវបានរលាយអស់ ដោយពលរដ្ឋជួបតែភាពឈឺចាប់ សោកសង្រេងនឹកដល់ផ្ទះសម្បែងដែលខិតខំសាងសង់មកដោយលំបាក។

រីឯលោកយាយ គិន រី អាយុ៨២ឆ្នាំ និងលោកយាយ ប៉ាង សរ អាយុ៨៤ឆ្នាំ ជាប្រជាពលរដ្ឋភៀសសឹក មកពីឃុំថ្មដា បានរៀបរាប់ថា យោធាថៃ បានបង្កការឈឺចាប់ដល់ពួកគាត់ ធ្វើឱ្យពលរដ្ឋក្នុងភូមិនាំគ្នារត់ភៀសសឹក ឆ្ងាយពីផ្ទះសម្បែង។ វាធ្វើបាបគ្រប់យ៉ាង សូម្បីតែព្រះភូមិនៅតាមផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ ក៏យោធាថៃ ទាត់ចោលផងដែរ។

«ខ្ញុំសូមតែរស់នៅសុខសប្បាយ ខ្ញុំចង់ទៅផ្ទះវិញ រស់នៅជួបជុំកូនចៅវិញ ខ្ញុំសូមឱ្យមានតែសន្តិភាពទេ។ វាមកធ្វើបាខ្មែរយើងយ៉ាងនេះ យាយសុំឱ្យតែមានសន្តិភាព កុំឱ្យមានសង្គ្រាមកើតឡើងទៀត»

គួរឱ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់ឃុំថ្មដា មានប្រជាពលរដ្ឋចំនួន ៧៦គ្រួសារ ដែលជាជនភៀសសឹក កំពុងបន្តស្នាក់នៅក្នុងជំរំសុវត្ថិភាពវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។ ប្រជាពលរដ្ឋទាំង៧៦គ្រួសារនេះ ត្រូវបានយោធាថៃ ហ៊ុំព័ទ្ធយកផ្ទះសម្បែងរបស់ពួកគាត់ ដែលមិនអនុញ្ញាតវិលត្រឡប់ទៅរស់នៅ និងប្រកបអាជីវកម្មចិញ្ចឹមជីវិតដូចដើមវិញ។

គួរឱ្យដឹងថា នៅចំពោះប្រជាពលរដ្ឋភៀសសឹកទាំង៧៦គ្រួសារ នៅថ្ងៃទី ២៧ មីនា ឆ្នាំ២០២៦ ម្សិលមិញ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ ហើយកម្ពុជានឹងបន្ត ជ្រើសរើសការតវ៉ាតាមផ្លូវ «ការទូត និងផ្លូវច្បាប់» ដើម្បីចាប់ឱ្យថៃប្រគល់ទឹកដីមកកម្ពុជាវិញ។

ប្រមុខការទូតកម្ពុជា បានប្រកាសសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងតវ៉ាតាមច្បាប់អន្តរជាតិនានា ដើម្បីទាមទារទឹកដីកម្ពុជាពីថៃមកវិញ ដោយឈរលើផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងឯកសារនានាដែលកម្ពុជា និងថៃ ធ្លាប់បានឯកភាពគ្នាជាច្រើនមក៕