ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ រៀបចំពិធីរាប់បាត្រឧទ្ទិសកុសលដល់បុព្វបុរស និងវីរកងទ័ពខ្មែរ
28-03-2026 16:46
(ក្រចេះ)៖ ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ៩៩អង្គ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វបុរស វីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា ព្រមទាំងការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ គណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមជម្រាបជូនថា ពិធីរាប់បាត្រព្រះសង្ឃ គឺជាទំនៀមទម្លាប់ដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ ដែលពុទ្ធបរិស័ទតែងតែប្រារព្ធធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅ និងបង្ហាញពីសទ្ធាជ្រះថ្លាក្នុងការទ្រទ្រង់ព្រះសង្ឃតាមរយៈការប្រគេនចង្ហាន់ និងការចែកទានដល់អ្នកខ្វះខាត ព្រមទាំងជាការសន្សំកុសល និងនាំមកនូវសេចក្តីសុខផងដែរ៕














