កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចំការមន ចុះទៅកាន់ទីតាំងក្លឹបស្នូកឃ័រអេលីដ ក្រោយមានព័ត៌មានថាជាកន្លែងភ្នាល់ល្បែងស៊ីសងចាញ់ឈ្នះរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ (Video inside)
28-03-2026 21:52
(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចំការមន នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានចុះទៅកាន់ទីតាំងក្លឹបស្នូកឃ័រអេលីដ ក្រោយមានព័ត៌មានថាជាកន្លែងភ្នាល់ល្បែងស៊ីសងចាញ់ឈ្នះរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ និងបានបើកដំណើរការយូរមកហើយ។
ការចុះទៅត្រួតពិនិត្យរដ្ឋបាលនៅទីតាំងក្លឹបស្នូកឃ័រខាងលើនេះ មានការចូលរួមពីនគរបាល អាវុធហត្ថ និងអាជ្ញាធរសង្កាត់បឹងត្របែក ក្រោមការដឹកនាំរបស់លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន។
សូមបញ្ជាក់ថា ទីតាំងក្លឹបស្នូកឃ័រមួយនេះ ដែលបង្កប់ល្បែងភ្នាល់ដ៏ធំ ស្ថិតនៅដីឡូតិ៍លេខ១០២ ផ្លូវលេខ៩៥ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
តាមសេចក្តីរាយការណ៍ ពេលអាជ្ញាធរចុះទៅដល់ មិនឃើញអ្នកញៀនល្បែងនោះទេដោយឃើញតែបន្ទប់វីអាយភី៣បន្ទប់ទុកចោល និងសម្ភារតុកៅអីមានក្រណាត់ក្រាបទុកចោល។
តែយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយបែកធ្លាយពីទីតាំងភ្នាល់ល្បែងដ៏ធំនេះ អ្នកញៀនល្បែងមានទាំងប្រជាពលរដ្ឋធម្មតា អ្នករកស៊ីផ្សេងៗ និងកងកម្លាំងដែលញៀនរាល់ថ្ងៃ បាននាំគ្នាចាកចេញអស់ ហេតុដូច្នេះហើយទើបអាជ្ញាធរចុះទៅដល់មិនឃើញអ្នកលេង។
តាមសេចក្តីរាយការណ៍, មិនត្រឹមពលរដ្ឋ ធម្មតាចូលេងជារៀងរាល់ថ្ងៃទេ តែជាកន្លែងប្រមូលទៅដោយកងកម្លាំងមួយចំនួន ក៏ទៅពពាក់ពពូនគ្នាចូលលេងភ្នាល់ផងដែរ ហើយមួយថ្ងៃៗការចាញ់ឈ្នះមានរហូតដល់ខ្ទង់ម៉ឺនដុល្លារ ឯណោះ។
បើតាមការលួចបង្ហើប បានឲ្យដឹងថា ម្ចាស់ទីតាំងគ្រាន់តែដាក់តុងមួយថ្ងៃៗខ្ទង់ម៉ឺនដុល្លារ ហើយជាកងកម្លាំងពាក់ផ្កាយទៀតផង។
តើការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាចដំណើរការបានល្អទេសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន បើកន្លែងលេងល្បែងនៅបើកដំណើរការដោយសេរីបែបនេះ។
បទល្មើសដែលកើតចេញពីល្បែងស៊ីសង នាំទៅជាអំពើហិង្សានៅក្នុងគ្រួសារ ចោរលួច ចោរប្លន់ និងគ្រឿងញៀនជាដើម ដែលត្រូវអាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែរួមគ្នាកម្ចាត់ចោល៕





