អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្នុងមណ្ឌលខេត្តពោធិ៍សាត់
29-03-2026 09:55
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់បម្រើការងារនៅពន្ធនាគារខេត្តពោធិ៍សាត់, ពន្ធនាគារខេត្តកំពង់ឆ្នាំង និងមណ្ឌលអប់រំកែប្រែទី៤ (ម៤)។ ពិធីនេះត្រូវបានរៀបចំឡើង នៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ ក្រោមបរិយាកាសយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវបំផុត។
លោក ខូយ រីដា បានថ្លែងថា ការប្រឡងនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ តាមរយៈការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ។ យើងអនុវត្តដោយឈរគោលការណ៍ «អ្នកចេះគឺជាប់ ហើយជាប់ដោយមោទនភាព និងធ្លាក់ដោយអស់ចិត្ត» ដើម្បីធានាបាននូវយុត្តិធម៌ តម្លាភាព និងភាពត្រឹមត្រូវបំផុត សម្រាប់បេក្ខជន បេក្ខនារីគ្រប់រូប ដោយមិនមានការយោគយល់ ឬអន្តរាគមន៍ណាមួយឡើយ។
លោកបានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីឆន្ទៈនយោបាយច្បាស់លាស់ ក្នុងការកសាង "គ្រឹះនៃជាតិ" តាមរយៈការសាងធនធានមនុស្ស។ នៅពេលដែលការជ្រើសរើសមន្ត្រីធ្វើឡើងដោយយុត្តិធម៌ វានឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ហើយស្ថាប័នរដ្ឋនឹងពោពេញទៅដោយអ្នកមានសមត្ថភាព ដែលអាចជួយសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ និងលើកទឹកចិត្តដល់បេក្ខជន បេក្ខនារីទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសេចក្តីថ្លៃថ្នូរ។ សូមឱ្យបេក្ខជនម្នាក់ៗ ខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព ទាំងចំណេះដឹង និងបច្ចេកទេសដែលខ្លួនមាន។
លោកសូមប្រសិទ្ធពរជ័យ ជូនដល់បេក្ខជន បេក្ខនារីទាំងអស់ សូមឱ្យមានស្មារតីភ្លឺស្វាង ទទួលបានជោគជ័យក្នុងការប្រឡង និងក្លាយជាមន្ត្រីបន្តវេនប្រកបដោយសមត្ថភាព ដើម្បីចូលរួមបម្រើជាតិមាតុភូមិ ក្នុងវិស័យពន្ធនាគារនាពេលអនាគត។
គួររំលឹកផងដែរថា ការប្រឡងនាព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៩:៣០នាទី លើវិញ្ញាសា «ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ»។ ដំណើរការប្រឡងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលទ្ធផលដែលខិតខំដោយសមត្ថភាពពិតៗ។
បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់បម្រើការងារនៅពន្ធនាគារខេត្តពោធិ៍សាត់ មានចំនួន១១៦នាក់ ស្រី៨៨នាក់ ក្នុងនោះជ្រើសរើសយកតែ ៥នាក់ ស្រី២នាក់, ពន្ធនាគារខេត្តកំពង់ឆ្នាំង មានចំនួន៥៦នាក់ ស្រី៣៧នាក់ ក្នុងនោះជ្រើសរើសយកតែ ៥នាក់ ស្រី២នាក់ និងមណ្ឌលអប់រំកែប្រែទី៤ (ម៤) មានចំនួន១៩នាក់ ស្រី០នាក់ ក្នុងនោះជ្រើសរើសយកតែ ៥នាក់៕
Ti Amo (ពស)


































