ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»

29-03-2026 10:22

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» បន្ទាប់ពីបានដំណើរការប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ប្រកបដោយភាពជោគជ័យ និងបានបង្ហាញពីវឌ្ឍនភាពដ៏ស្វាហាប់នៃដំណើរនវានុវត្តន៍នៅកម្ពុជា។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើរបាយការណ៍បូកសរុបជូនអង្គពិធីថា ទិវាជាតិលើកទី៤ឆ្នាំ២០២៦នេះ ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសាធារណជនដោយមានអ្នកចូលរួមទស្សនាព្រឹត្តិការណ៍នេះយ៉ាងច្រើនកុះករប្រមាណជាង ៣ម៉ឺននាក់។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ទិវាជាតិនេះ បាននាំមកនូវកិច្ចពិភាក្សាដ៏រស់រវើក, ការតាំងពិព័រណ៍នវានុវត្តន៍បច្ចេកវិទ្យាដែលបានផ្តល់តម្លៃដល់វិទ្យាសាស្ត្រ និងការប្រកួតប្រជែងនវានុវត្តន៍ ថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កម្ពុជាកំពុងឈានចូលដំណាក់កាលថ្មីមួយ ដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាមូលដ្ឋានសម្រាប់ការរីកចម្រើនរយៈពេលវែង។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្ត ពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ ដោយផ្តល់អាទិភាពលើការលើកកម្ពស់ ការស្រាវជ្រាវនិងអភិវឌ្ឍន៍, ការគាំទ្រការផ្ទេរបច្ចេកវិទ្យា, ការជំរុញកំណើនសហគ្រាសថ្មីៗ (Startups) និងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា គោលនយោបាយរបស់រដ្ឋាភិបាលតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ។ ដូចនេះ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយដ៏រឹងមាំ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងមានប្រសិទ្ធភាព ពីបណ្តាតួអង្គវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ និងអន្តរជាតិ ក៏ដូចជាការចូលរួមពីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដោយត្រូវកំណត់តួនាទីច្បាស់លាស់ ដើម្បីធានាលទ្ធផលជាក់ស្តែងតាមការរំពឹងទុក។ ប៉ុន្តែអ្វីដែលសំខាន់មិនអាចខ្វះបាននោះ គឺទស្សនៈ, ផ្នត់គំនិត, ការយល់ដឹង, ការគាំទ្រ និងការចូលរួមរបស់ពលរដ្ឋ, គ្រួសារ, សហគមន៍, ស្ថាប័នសាធារណៈ, ក្រុមហ៊ុនឯកជន, សហគ្រិន និងដៃគូអភិវឌ្ឍ ក្នុងការលើកស្ទួយ, ការផ្ដល់តម្លៃ និងការជឿជាក់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយឈរលើអភិក្រមរដ្ឋាភិបាលទាំងមូល (Whole-of-Government Approach) និងអភិក្រមសង្គមទាំងមូល (Whole-of-Society Approach)។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនជាមួយអ្នកជិតខាងយើងនាពេលថ្មីៗនេះបានបង្ហាញឱ្យកាន់តែច្បាស់ថា ផ្លូវដែលយើងត្រូវជ្រើសរើស និងត្រូវធ្វើដំណើរ ឆ្ពោះទៅមុខទៀត ក្នុងការការពារជាតិ, ការកសាងជាតិ, ការអភិវឌ្ឍជាតិ និងការកសាងសមត្ថភាពប្រទេសកម្ពុជា ឱ្យស្មើគេស្មើឯង, អាចរស់ដោយខ្លួនឯងបាន និងអាចពឹងលើខ្លួនឯងបាន គឺយើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា លោកចង់ឃើញកាន់តែច្រើនថែមទៀតពីការចេះប្រែក្លាយនវានុវត្តន៍ ឱ្យទៅពាណិជ្ជូបនីយកម្ម (Innovation to Commercialization) ក្នុងន័យបង្កើតដើម្បីដោះស្រាយបញ្ហា, បង្កើតផលិតផលថ្មីដែលមានទីផ្សារ, បង្កើតផលិតផលដើម្បីបង្កើតតម្លៃបន្ថែមសេដ្ឋកិច្ច និងបង្កើនប្រសិទ្ធភាពដំណើរការការងារ ផលិតកម្ម ឬសេវាកម្ម និងបង្កើនសមត្ថភាពប្រសិទ្ធភាពរបស់ស្ថាប័ន ឬក្រុមហ៊ុន។ ដូច្នេះហើយមួយជំហានទៅមុខទៀត ដែលជាជំហានសំខាន់ គឺការប្រែក្លាយការរកឃើញ និងការបង្កើតថ្មី ឱ្យក្លាយទៅជាផលិតផលដែលអាចលក់ដាច់លើទីផ្សារ និងប្រទេសជាតិត្រូវការ។ ប៉ុន្តែកិច្ចការនេះ ទាមទារការចូលរួម ការគាំទ្រ និងកិច្ចសហការរវាងអ្នកស្រាវជ្រាវ, នវានុវត្តករ, ស្ថាប័នរដ្ឋ និងធនាគារ ព្រមទាំងអ្នកផលិត ដោយរួមទាំងអ្នកប្រើប្រាស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រទាក់ក្រឡាមួយ។

មុននឹងបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលម្ខាងបានខិតខំកសាង ស្ថាប័នឱ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដើម្បីលើកស្ទួយវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។