លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ ១ខ្នង ជូនដល់អតីតយុទ្ធជននៅក្នុងប៉ៃលិន
29-03-2026 13:54
(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ប៉ាង សន ភេទ ប្រុសអត្តលេខ RA07001062 រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។
លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និង ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេច មហាបវរបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះជីវភាព រស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានហ៊ានលះបង់សាច់ ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ រំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខ សន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។
លោកស្រីបណ្ឌិតប្រធាន បានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជននិងនិវត្តជន ពួកគាត់ពិតជាបាន លះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្កើតឱ្យមានសមាគមនេះឡើង គឺដើម្បីឱ្យជួយមើលថែចិញ្ចឹមពួកគាត់ ដោយបន្តទទួលបានការយកចិត្តទុកដាក់និង អត្ថប្រយោជន៍ បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់ សមាជិក ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាព ឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងការ កោតសរសើរ ចំពោះ ក្រុមការងារ សមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខ និងមើលថែ អតីតយុទ្ធជននៅក្នុងមូលដ្ឋាន របស់ខ្លួនបានយ៉ាងល្អប្រសើរ ហើយបន្ថែមពីលើនេះ សូមជំរុញ លើកទឹកចិត្តដល់អាជ្ញាធរ និង បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំ យកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយ ចំពោះ ជីវភាព សុខភាព និងបញ្ហាប្រឈម នានា របស់អតីតយុទ្ធជនឱ្យបាន កាន់តែល្អប្រសើរឡើងថែម ទៀតផងដែរ។
ក្នុងឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានផ្ដល់សម្ភារៈ បរិក្ខា, ស្បៀងអាហារ និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ ដល់អតីតយុទ្ធជន ឈ្មោះ ប៉ាង សន ដែលទើបទទួលបានផ្ទះថ្មីមួយខ្នង៕














