ឯកអគ្គរដ្ឋទូត៖ ទិវាវប្បធម៌រុស្ស៉ី ជាជំហានមួយ ឆ្ពោះទៅកាន់ការពង្រឹងសហប្រតិបត្តិការរវាងកម្ពុជានិងរុស្ស៉ី

29-03-2026 14:43

(ភ្នំពេញ)៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទិវាវប្បធម៌រុស្ស៉ីនៅកម្ពុជា គឺជាជំហានមួយ ឆ្ពោះទៅកាន់ការពង្រឹងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក Anatoly Borovik បានលើកឡើងបែបនេះ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសលោក និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីភាព ក្នុងទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា នៅសាលសន្និសីទចតុម្មុខ។

លោក Anatoly Borovik បានថ្លែងថា វិស័យវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។ វប្បធម៌មានលក្ខណៈពិសេសគួរឲ្យកត់សម្គាល់ ហើយវប្បធម៌និយាយជាភាសាសាកល ដែលមនុស្សគ្រប់គ្នាអាចយល់ពីគ្នាបានច្បាស់ និងទម្លុះរបាំងព្រំដែន ជួយឲ្យមនុស្សមកពីប្រទេសផ្សេងៗគ្នា យល់ពីគ្នាទៅវិញទៅមកកាន់តែច្បាស់។

លោកបានបន្ថែមថា «ព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាឱកាសមួយ ដើម្បីទទួលបទពិសោធន៍វប្បធម៌ដ៏សម្បូរបែបនៃប្រទេសរុស្ស៉ីប៉ុណ្ណោះទេ ប៉ុន្តែជាជំហានមួយ ឆ្ពោះទៅកាន់ការពង្រឹងសហប្រតិបត្តិការរវាងប្រទេសយើងផងដែរ។ ខ្ញុំជឿជាក់ថា គំនិតផ្តួចផ្តើមបែបនេះនឹងជួយពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់គម្រោងថ្មីៗ នៅពេលអនាគត»។

ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា គឺជាផ្នែកនៃការអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។ ព្រឹត្តិការណ៍នេះ មានការរៀបចំពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និងការសម្តែងសិល្បៈក្រោមប្រធានបទ «អ្នកបន្តវេនតំបន់ស៊ីបេរី»

នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ តាំងពីសម័យអតីតសហភាពសូវៀត ដែលទំនាក់ទំនងនេះឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងមានការយោគយល់គ្នាទៅ វិញទៅមក ដោយបាននាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសយើងទាំងពីរ។

លោកស្រីបានបន្តថា ព្រឹត្តិការណ៍នាថ្ងៃនេះ មិនត្រឹមតែជាការរំលឹកដល់អតីតកាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់តម្លៃដល់ចំណង មិត្តភាពដ៏រឹងមាំ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់អនាគតមួយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងស៊ីជម្រៅ។ ជាការពិតណាស់ វប្បធម៌គឺជាដួងព្រលឹងរបស់ជាតិ ជាអត្តសញ្ញាណស្នូល និង ជាធនធាន ដ៏មានតម្លៃមិនចេះរីងស្ងួត ហើយបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។

គួររំលឹកផងដែរថា ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ ធ្លាប់បានសហការរៀបចំព្រឹត្តិការណ៍ទិវាវប្បធម៌កម្ពុជា នៅរដ្ឋធានីម៉ូស្គូ និងទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា។ កម្មវិធីនេះ បានចូលរួមចំណែកក្នុងការចែករំលែក ការផ្លាស់ប្តូរ ចំណេះដឹង ការសិក្សាស្វែងយល់ពីប្រពៃណីវប្បធម៌ និងអរិយធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា គឺជានិមិត្តរូបដ៏មានតម្លៃនៃចំណងកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌របស់យើង៕