អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មាតិកាផ្សព្វផ្សាយលើបណ្តាញសង្គម Instagram ឈ្មោះ Dixie Dragon បង្កការភាន់ច្រឡំខ្លឹមសារ, ទីតាំងមាតិកាទាំងនោះ មិនមែននៅកម្ពុជាឡើយ
29-03-2026 14:46
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញមកបញ្ជាក់ថា ការបង្កើតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គម Instagram ឈ្មោះ Dixie Dragon បានបង្កការភាន់ច្រឡំខ្លឹមសារ ហើយមាតិកាដែលបានបង្កើតនេះ មិនមែននៅកម្ពុជាឡើយ។
លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានដាក់វិធានការសមស្របជាបន្តបន្ទាប់។ ដោយសារម្ចាស់គណនី នៅក្រៅប្រទេស ហើយប្រើបណ្តាញ Instagram ដែលជា platform របស់ក្រុមហ៊ុនឯកជន ក្រសួងបានប្រមូលព័ត៌មាន ដែលធ្វើឱ្យមានការយល់ច្រឡំមកលើកម្ពុជា ដើម្បីរៀបចំរបាយការណ៍ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ បន្ថែមក្នុងការទាក់ទងធ្វើការជាមួយក្រុមហ៊ុននេះ។ ក្រសួងនឹងស្នើដល់ក្រុមហ៊ុនឱ្យមានវិធានការសមស្រប ចំពោះខ្លឹមសារនិងមាតិកា ដែលមានលក្ខណៈយល់ច្រឡំមកលើកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មាតិកាដែលត្រូវបានម្ចាស់គណនីបង្ហោះនោះ បើតាមការពិនិត្យ បង្ហាញថា ត្រូវបានថតនៅប្រទេសជិតខាង (ដែលអាចប្រទេសវៀតណាមឯណោះទេ) គឺពុំមែននៅកម្ពុជាឡើយ។
លោកបានបន្ថែមថា គឺមានភស្តុតាងមួយចំនួនទៀត ដែលគេអាចទាញការសន្និដ្ឋានបានថា មិនមែននៅកម្ពុជា គឺដោយសារការសរសេរអក្សរលើស្លាក សញ្ញា ទាំងក្រៅ ឬក្នុងហាង ឬភាសាដែលអ្នកលក់ក្នុងហាង និងនៅស្ថានីយប្រេង បានប្រើគឺជាភាសាផ្សេង មិនមែនភាសាខ្មែរ (អាចជាភាសាវៀតណាម) និងមានភស្តុតាងមួយចំនួនទៀត ដែលគេអាចពិនិត្យតាមរយៈខ្លឹមសារក្នុងវីដេអូពាក់ព័ន្ធ ដើម្បីបញ្ជាក់ថាសាច់រឿង និងវីដេអូទាំងនោះពុំមែននៅកម្ពុជាទេ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា វិធានការភា្លមដែលក្រសួងបានដាក់ចេញ គឺបានព្យាយាមទាក់ទងទៅម្ចាស់គណនីផ្ទាល់ ដើម្បីស្នើកុំឱ្យផ្សាយមាតិកា ដែលបង្កការយល់ច្រឡំនេះតទៅទៀត ដោយបញ្ជាក់ប្រាប់ម្ចាស់គណនីថា ទីតាំង និងមនុស្ស (អ្នកលក់ ឬអ្នកមានវត្តមានក្នុងវីដេអូ មិនមែននៅកម្ពុជា និងមិនមែនជាខ្មែរទេ) និងសូមស្នើឱ្យគាត់ដកមាតិកាដែលអាចបង្កការយល់ច្រឡំទាំងនោះចេញ ដើម្បីកុំឱ្យមានការយល់ច្រឡំ តទៅទៀត ។ ម៉្យាងទៀត មាតិកាដែលគាត់បានផ្សាយ ទទួលរងការរិះគន់ ដោយ comment តបក្នុងផុសពាក់ព័ន្ធទាំងនោះថា «គាត់(ម្ចាស់គណនី) មិនគួរធ្វើដូច្នេះទេ ព្រោះវាធ្វើឱ្យមានការយល់ច្រឡំលើកម្ពុជា» ខណៈអ្នកប្រើប្រាស់Instagram ផ្សេងទៀតបានcomment បញ្ជាក់ថាក្នុងវីដេអូទាំងនោះ ថា គឺនៅប្រទេសវៀតណាមទេ មិនមែនកម្ពុជាឡើយ។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបាថ្លែងថា ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងអ្នកពាក់ព័ន្ធ ក្រសួងព័ត៌មានបាន និងកំពុងដាក់ចេញវិធានការ ដូចជម្រាបជូន ហើយបន្តតាមដានបន្ថែមទៀត។ អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាកុំយល់ច្រឡំ និងកុំចែកចាយមាតិកា ដែលមានបញ្ហាទាំងនោះ។ សូមចូលរួម ពិសេសអ្នកដែលប្រើ Instagram សូមចូលទៅ comment ក្នុងផុសដែលអាចបង្កការយល់ច្រឡំ ដោយប្រាប់ថា «ពុំមែនខ្មែរទេ និងពុំមែននៅប្រទេសកម្ពុជាទេ»។ ដើម្បីបញ្ចប់ការយល់ច្រឡំ និងហានិភ័យនានា ដែលការផ្សាយមាតិកាបែបក្លែងបន្លំ disinformation នេះ ត្រូវបានធ្វើឡើង អាចក្នុងចេតនាបង្កការភាន់ច្រឡំមកលើកម្ពុជា៕




