នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសាររំលែកទុក្ខជូនលោកស្រី គីន សំណាង ចំពោះមរណភាពលោក ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
29-03-2026 15:14
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាងនាមកងកម្លាំងនគរបាលជាតិ បានសម្ដែងសេចក្តីក្តុកក្តួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់លោក ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ៩កើត ខែចេត្រឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោក ឡុង ផល គឺជាការបាត់បង់នូវស្វាមីបងប្អូន ឪពុក និងជីតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ជាកុលបុត្រខ្មែរ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មប្រកបដោយស្វាមីភក្តិ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជាច្រើនទសវត្សរហូតដល់អវសាននៃជីវិត។
ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅមែនពិត ប៉ុន្តែលោកបានកសាងនូវស្នាដៃជាច្រើនរាប់មិនអស់សម្រាប់ប្រទេសជាតិ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះកិត្តិយសដ៏ឧត្តុង្គឧត្ដមដក់ជាប់ក្នុងដួងចិត្តរបស់យើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ នាយឧត្តមសេនីយ៍ ស ថេត សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់លោក ឡុង ផល សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





