ស្តង់ពិព័រណ៌បង្ហាញសមិទ្ធផលការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធសម្រេចបាន ផលិតផលទេសចរណ៍ និងផលិតផលក្នុងស្រុកជាង៣០០ស្តង់ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍បុណ្យទន្លេលើកទី១០

29-03-2026 15:59

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា រួមជាមួយលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ អញ្ជើញអមដំណើរលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទស្សនាការតាំងពិព័រណ៌សមិទ្ធផលវិស័យទេសចរណ៍ ការអភិវឌ្ឍលើវិស័យសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលក្នុងស្រុកដែលសម្រេចបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ព្រឹត្តិការណ៍នេះមានរួមបញ្ចូលជាមួយ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៌ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុកជាច្រើនប្រភេទ ក្នុងគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។

ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានការចូលរួមតាំងបង្ហាញស្តង់សរុបជាង ៣០០ ស្តង់ ដែលបង្ហាញអំពីសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ និងស្ថាប័នរដ្ឋ-ឯកជន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត THYDA, អ.ម.ត អង្គការសង្គមស៊ីវិល សហគមន៍ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករ អាជីវករ និងសហគមន៍មូលដ្ឋាន ដែលបានមកចូលរួមផ្សព្វផ្សាយ និងតាំងបង្ហាញផលិតផលយ៉ាងសម្បូរបែប។

សូមជម្រាបថា ការតាំងពិព័រណ៌នេះ មានគោលបំណងសំខាន់ៗរួមមាន ការលើកកម្ពស់ការផ្សព្វផ្សាយផលិតផល និងសមិទ្ធផលថ្មីៗ ជំរុញសេដ្ឋកិច្ចសហគមន៍ និងការលក់ផលិតផលក្នុងស្រុក ផ្តល់ឱកាសឱ្យប្រតិបត្តិករ និងសេវាករបានពង្រីកទីផ្សារ ក៏ដូចជាបង្កើនការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនងរវាងវិនិយោគិន និងដៃគូពាណិជ្ជកម្ម៕