អ្នកជំនាញអារ្យធម៌ខ្មែរ៖​ កែវភ្នែកដ៏មុតស្រួចរបស់អ្នកការទូត ជាខែលការពារសន្តិភាពដើម្បីបញ្ចៀសពីការធ្វើសង្រ្គាម

29-03-2026 16:14

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងដំណើររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសដែលបានដឹកនាំអ្នកការទូត , តំណាងទីភ្នាក់ងារអ.ស.ប. ព្រមទាំងអង្គការអន្ដរជាតិធំៗប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២៦មកនេះ ដែលបានចុះទៅពិនិត្យមើលជាក់ស្ដែងដល់ទីតាំងឃុំថ្មដា ខេត្ដពោធិ៍សាត់ និងតំបន់ផ្សេងទៀតដែលកងទ័ពទីក្រុងបាងកក បានចូលលុកលុយកាន់កាប់ដោយខុសច្បាប់ និងហ៊ុំព័ទ្ធដោយលួសបន្លា និងទូកុងតឺន័រចាស់ៗ ដែលជាការឈ្លានពានមកលើអធិបតេយ្យកម្ពុជាទាំងកំរោល។

នេះគឺបង្ហាញឲ្យឃើញថា កម្ពុជាកំពុងប្រើកែវភ្នែកដ៏មុតស្រួចរបស់អ្នកការទូត ជាខែលការពារសន្តិភាពដើម្បីបញ្ចៀសពីការធ្វើសង្រ្គាម។ ព្រោះក្នុងវិស័យនយោបាយអន្តរជាតិ កែវភ្នែកអ្នកការទូត មិនត្រឹមតែជាអ្នកតំណាងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាខ្សែការពារជួរមុខដើម្បីបញ្ចៀសសង្គ្រាមប្រៀបដូចជាខែលរ៉ាដាការពារជាតិផងដែរ។ ជាទូទៅ រដ្ឋដែលធ្វើការឈ្លានពានតែងតែប្រើប្រាស់វោហាសាស្រ្ដភាសាការទូត បកស្រាយដោយកលល្បិចពិសពុលថា សកម្មភាពរបស់ខ្លួនគឺជា "ការការពារខ្លួនជាមុន Pre-emptive self-defense " ឬដើម្បីការពារជនជាតិខ្លួន។

ស្ថិតក្នុងកលល្បិចពិសពុលនេះ កែវភ្នែកដ៏មុតស្រួចរបស់អ្នកការទូត មើលឃើញដល់ទីជម្រៅនៃបញ្ហាកាន់កាប់ខុសច្បាប់របស់កងទ័ពទីក្រុងបាងកក និងអាចមើលឃើញសញ្ញានៃវិបត្តិ មុនពេលវាក្លាយជាសង្គ្រាម ដោយពួកគេតាមដានរាល់ពាក្យសម្តី ចលនាទ័ព និងបម្រែបម្រួលនយោបាយ ដើម្បីត្រៀមលក្ខណៈដោះស្រាយតាមផ្លូវសន្តិវិធីដោយការចរចា និងយន្តការច្បាប់អន្តរជាតិ។ ព្រោះភ្នែករបស់អ្នកការទូត អាចមានសមត្ថភាព ​មើលធ្លុះពីផលឈ្នះឈ្នះនិងបំណងលាក់កំបាំងរបស់គូបដិបក្ខ ដោយបែងចែករវាងភាគីចង់បង្កសង្រ្គាម និងភាគីចង់ចរចាពិតប្រាកដ។

លោក រ័ត្ន សណ្តាប់ បន្តថា មួយវិញទៀត ក្នុងទង្វើឈ្លានពានរបស់ទីក្រុងបាងកកមកលើកម្ពុជានេះទៀតសោត វាមិនមែនគ្រាន់តែជាសកម្មភាពយោធាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសណ្តាប់ធ្នាប់ពិភពលោកជាចំណុចស្នូលនៃទំនាក់ទំនងអន្តរជាតិ។ នៅពេលដែលកែវភ្នែកដ៏មុតស្រួចរបស់អ្នកការទូត សម្លឹងមើលឃើញបញ្ហានេះ ការឈ្លានពានត្រូវបានចាត់ទុកថា ជាការបំពានដោយផ្ទាល់លើមាត្រា ២(៤) នៃធម្មនុញ្ញអ.ស.ប. ដែលហាមឃាត់ការប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។ ក្នុងក្រសែភ្នែកអ្នកការទូត គឺជា "បន្ទាត់ក្រហម" ដែលធ្វើឲ្យរដ្ឋឈ្លានពានបាត់បង់ភាពស្របច្បាប់នៅលើឆាកអន្តរជាតិ។

ប្រសិនបើអ្នកការទូតមើលមិនធ្លុះ ឬ បិទភ្នែក ឬមិនមានការចរចា នោះទ្វារនៃសង្គ្រាមនឹងរបើកឡើង។ ព្រោះសង្គ្រាមចាប់ផ្តើមនៅពេលដែលការទូតបរាជ័យ ហើយការទូតបរាជ័យនៅពេលដែលអ្នកដឹកនាំបិទភ្នែក មិនព្រមមើលការពិតនៃសន្តិភាព។ ហេតុនេះភាពវៃឆ្លាត និងចក្ខុវិស័យរបស់អ្នកការទូត គឺជាខែលដ៏រឹងមាំបំផុតដែលការពារជីវិតមនុស្សរាប់លាននាក់ឲ្យផុតពីភ្លើងសង្គ្រាម។ ព្រោះអ្នកការទូតប្រើភ្នែកដើម្បីស្វែងរកឱកាស ទោះក្នុងស្ថានភាពតានតឹងបំផុត ក៏ពួកគេព្យាយាមស្វែងរកផលប្រយោជន៍រួមដែលភាគីទាំងសងខាងអាចទទួលយកបាន ដើម្បីប្តូរពីការប្រើអាវុធ មកប្រើតុចរចាវិញ។ ​ភ្នែករបស់អ្នកការទូតត្រូវមើលក្នុងលក្ខណៈអព្យាក្រឹត្យ មិនមែនមើលតាមរយៈអារម្មណ៍ខឹងសម្បារ ឬអំនួតជាតិនិយមហួសហេតុនោះទេ។

ក្នុងសមរភូមិទាហានគេប្រើខែលដើម្បីការពារខ្លួនពីគ្រាប់កាំភ្លើង ប៉ុន្តែក្នុងវិស័យការទូតការចរចាគឺជាអាវុធ ជំនួសឲ្យការប្រើកម្លាំងបាយ អ្នកការទូតប្រើសម្តី និងប៊ិចដើម្បីដោះស្រាយបញ្ហា។ ហេតុនេះចំពោះការចុះពិនិត្យរបស់អង្គទូត ឃើញផ្ទាល់ភ្នែកជាក់ស្ដែងដល់ទីតាំងដែលកងទ័ថៃ ឈ្លានពានមកលើអធិបតេយ្យកម្ពុជាយ៉ាងសាហាវឃោរឃៅនេះ គឺកែវភ្នែកដ៏មុតស្រួចដែលពោរពេញដោយចក្ខុវិស័យនេះហើយ ដែលធ្វើជាខែលបាំងមិនឲ្យគ្រាប់កាំភ្លើងហោះចេញពីកាណុង។ កែវភ្នែកអ្នកការទូតមិនមែនគ្រាន់តែជាចក្ខុសិរីរាង្គសម្រាប់មើលឃើញប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឧបករណ៍ចម្រាញ់យកសន្តិភាព ចេញពីភាពវឹកវរនៃនយោបាយរបស់រដ្ឋឈ្លានពាន។​ ដូច្នេះ សន្តិភាព ដែលស្ថិតស្ថេរមិនមែនកើតចេញពីការបង្ខិតបង្ខំនោះទេ ប៉ុន្តែកើតចេញពីការយល់ព្រមទាំងសងខាង ការចរចាស្វែងរកចំណុចរួមដែលគ្រប់ភាគីអាចទទួលយកបាន និងការគោរពអធិបតេយ្យភាពគ្នា៕