សក្ខីភាពនៃកម្លាំងសាមគ្គីភាព! ប្រធានអាជ្ញាធរអគ្គិសនី និងរដ្ឋបាលខេត្តពោធិ៍សាត់ បញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្តមុន្នីសោភ័ណ្ឌ (វត្តសំរោងយា) ដើម្បីលើកកម្ពស់វិស័យពុទ្ធចក្រក្នុងស្រុកភ្នំក្រវាញ

29-03-2026 16:46

(ពោធិ៍សាត់)៖ ក្រោមស្មារតីសាមគ្គីភាពរវាងអាណាចក្រ និងពុទ្ធចក្រ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ រួមជាមួយ លោក សំ ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តមុន្នីសោភ័ណ្ឌ (វត្តសំរោងយា) ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូនថា ក្រោមការដឹកនាំ និងជួយជ្រោមជ្រែងយ៉ាងសកម្ម ពីសំណាក់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ស្រុកទទួលបាននូវសមិទ្ធផលរីកចម្រើនគួរឱ្យកត់សម្គាល់ដូចជា៖ ការជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ, ស្ពាន, ប្រឡាយទឹក, ទំនប់បង្អៀរ និងការបំពាក់អំពូលសូឡាតាមដងផ្លូវ, កសាងអគារសិក្សា, មន្ទីរពេទ្យ និងកីឡដ្ឋាន ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ លើការកសាងសមិទ្ធផលនានា នៅតាមវត្តអារាម ទាំង២៥វត្តក្នុងស្រុក។

អភិបាលស្រុកបន្តថា ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ដោយមើលឃើញពីភាពចាស់ទ្រុឌទ្រោម និងខ្វះខាតព្រះវិហារដែលត្រឹមត្រូវតាមក្បួនខ្នាត លោកអភិបាលខេត្ត និងក្រុមការងារចុះមូលដ្ឋាន បានឯកភាពគ្នាផ្តួចផ្តើម ធ្វើបុណ្យកឋិនទានសាមគ្គី ប្រមូលបច្ច័យបានសរុបចំនួន២១៤លានរៀល ចាប់ផ្តើមកសាងព្រះវិហារថ្មី ដែលប្រារព្ធពិធីបញ្ចុះបឋមសិលានាថ្ងៃនេះ ដើម្បីទុកជាទីសក្ការៈបូជាដ៏សមរម្យសម្រាប់ពុទ្ធបរិស័ទ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ, លោក យឹម វិសិដ្ឋ និងលោក សំ ណារិទ្ធ បានលើកឡើងថា ព្រះវិហារថ្មីដែលចាប់ផ្តើមកសាងនេះ គឺជាសក្ខីភាពនៃកម្លាំងសាមគ្គីភាពរវាងសប្បុរសជន ពុទ្ធបរិស័ទ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាល និងអាចលេចរូបរាងទៅបាន គឺអាស្រ័យដោយគុណបំណាច់នៃ «សន្តិភាព» និងនយោបាយឈ្នះ-ឈ្នះ ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍទន្ទឹមគ្នា នូវអាណាចក្រ និងពុទ្ធចក្រ។

ដើម្បីឱ្យសំណង់ព្រះវិហារវត្តមុន្នីសោភ័ណ្ឌលេចចេញជារូបរាងពិតប្រាកដ ថ្នាក់ដឹកនាំទាំង២ សូមស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើជាស្នូលក្នុងការពង្រីកការផ្សព្វផ្សាយ និងកៀរគររកសប្បុរសជនគ្រប់ទិសទី ដើម្បីនាំយកធនធានមកអភិវឌ្ឍន៍វត្តអារាមក្នុងមូលដ្ឋាន។ ចំពោះគណៈកម្មការវត្ត ត្រូវបន្តដឹកនាំការកសាងដោយភាពស្មោះត្រង់ និងតម្លាភាពបំផុត ដើម្បីរក្សាជំនឿជឿជាក់របស់ពុទ្ធបរិស័ទជិតឆ្ងាយ និងសូមពុទ្ធបរិស័ទគ្រប់រូបចូលរួមចំណែកតាមកម្លាំងសទ្ធា ទោះតិចឬច្រើន ដើម្បីរួមគ្នាថែរក្សាមរតកវប្បធម៌ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស។

លោក យឹម វិសិដ្ឋ និងលោក សំ ណារិទ្ធ បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេង និងឧស្ម័នឡើងថ្លៃ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបន្ធូរបន្ថយពន្ធលើប្រេង និងឧស្ម័ននាំចូល ដើម្បីសម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋ ព្រមទាំងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រើប្រាស់ថាមពល ដោយសន្សំសម្ចៃខ្ពស់។

ថ្នាក់ដឹកនាំទាំង២ ក៏បានរំលឹកផងដែរ អំពីយន្តការសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ ក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដែលនេះគឺជាសក្ខីភាព នៃការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការពង្រីកជម្លោះ មិនបង្កមហន្តរាយដល់អាយុជីវិតកងកម្លាំង និងប្រជាពលរដ្ឋស្លូតត្រង់ បើទោះបីជាភាគីថៃ តែងតែបង្ហាញមហិច្ឆតាចង់បានទឹកដីខ្មែរគ្រប់ពេលវេលាក៏ដោយ។

លោក យឹម វិសិដ្ឋ និងលោក សំ ណារិទ្ធ ក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានសាមគ្គីភាព ចេះជួយយកអាសាគ្នា និងត្រូវរក្សាជំនឿចិត្តយ៉ាងមុតមាំ លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងសូមបួងសួងសុំឱ្យសង្គ្រាម និងជម្លោះនានា ទាំងនៅតំបន់មជ្ឈឹមបូព៌ា និងបញ្ហាព្រំដែន កម្ពុជា-ថៃ ឈានទៅរកការបញ្ចប់ដោយសន្តិវិធីក្នុងពេលឆាប់ៗ ដើម្បីសេចក្តីសុខសាន្តរបស់មនុស្សជាតិ និងការអភិវឌ្ឍន៍ជាតិមាតុភូមិ។

ថ្នាក់ដឹកនាំទាំង២ សូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ ជួយថែរក្សាសម្អាត និងការពារវត្តអារាមយើងឱ្យក្លាយជាទីមនោរម្យ សម្រាប់សម្រាកកាយ-ចិត្ត និងសូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀន រួមគ្នាសម្អាតអនាម័យបរិស្ថាន និងថែរក្សាសុវត្ថិភាព ភូមិ-ឃុំ ដើម្បីសេចក្តីសុខសាន្តយើងទាំងអស់គ្នា៕