មហាជនស្រុកបារាយណ៍ បង្កើតការប្រកួតកីឡា ប៊ូល និងប៉េតង់ ដើម្បីបំផុសឲ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម

29-03-2026 19:14

(កំពង់ធំ)៖ មហាជនស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរួមគ្នាបង្កើតការប្រកួតកីឡាប៊ូល និងប៉េតង់ ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាប៉េតង់នៅកម្ពុជា និងមានការចូលរួមដកស្រង់បទពិសោធបច្ចេកទេស ពិសេសរឹតចំណងមិត្តភាព សាមគ្គីភាព រវាងអ្នកចូលចិត្តលេងកីឡាប៉េតង់ និងបំផុសគំនិតឲ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ស្របតាមយុទ្ធនាការអប់រំប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ លោក ណឹម ចន្ថា ការរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់នេះ គោលបំណងលើកកម្ពស់វិស័យកីឡាប៉េតង់នៅកម្ពុជា និងបំផុសគំនិតឲ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ស្របតាមយុទ្ធនាការអប់រំប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។

លោកបន្តថា កីឡាប៊ូល និងប៉េតង់ ជាប្រភេទកីឡាមិនត្រូវការទីធ្លាធំ និងស្មុគស្មាញ មិនប្រើប្រាស់សម្ភារច្រើនដូចកីឡាផ្សេងទើបធ្វើឲ្យកីឡាប៊ូល និងប៉េតង់នេះមានទីលានប្រកួតច្រើន មិនថានៅតាមសាលារៀន ទីតាំងស្ថាប័នរដ្ឋ ឬតាមផ្ទះឯកជនគឺមានទីលានប៊ូលច្រើន និងមានការចូលរួមលេងច្រើនទាំងវ័យចាស់ វ័យក្មេង គឺតែងតែងជួបជុំគ្នាលេង ហើយកីឡាមួយនេះងាយស្រួលលេងមិនគ្រោះថ្នាក់ និងមិនត្រូវការចេះខ្លាំង ឬហ្វឹកហាត់សិនទើបអាចលេងបាននោះឡើយ អ្នកចង់លេងគ្រាន់តែចេះបោះល្មមៗអាចលេងបានហើយទើបកីឡាប៊ូល និងប៉េតង់នេះមានអ្នកចូលចិត្តលេងច្រើនមិនចាញ់កីឡាបាល់ទាត់ បាល់ទះ។ បច្ចុប្បន្ននេះអ្នកលេងប៊ូលមួយចំនួនបានណាត់ជួបគ្នាពីខេត្តមួយទៅខេត្តមួយដើម្បីសាកល្បងសមត្ថភាពគ្នាទៀតផង ។

លោកបន្តថា កម្មវិធីនេះគឺបានរៀបចំគាំទ្រពីមហាជនគ្រប់ស្រទាប់ ដែលបានដាក់រហ័សនាមថា មកពីនេះមកពីនោះ ពិសេសបានចូលរួមជាចំណែកយ៉ាងសំខាន់ក្នុងការរៀបចំជំរុញ និងអភិវឌ្ឍវិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើនក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ណឹម ចន្ថា សូមអរគុណដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមរួមទាំងគណៈកម្មការផងដែរ និងសូមឱ្យក្រុមកីឡាករទាំងអស់ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទៅប្រកួតទីកន្លែងផ្សេងៗទៀត៕