លោករដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បិទសិក្ខាសាលាស្តីពី «ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦»
29-03-2026 21:56
(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្តីពី «ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦» វគ្គទី២ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកវិទ្យាពីមកពីគ្រប់បណ្ដាក្រសួង ស្ថាប័ន សរុបចំនួន ៧២នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
សិក្ខាសាលានេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែមីនា ឆ្នាំ២០២៦ និងចែកចេញជា ២ក្រុម ដែលបានផ្តោតយកចិត្តទុកលើប្រធានបទសំខាន់ៗរួមមាន ការធ្វើអភិបាលកិច្ចឌីជីថល និងរួមផ្សំជាមួយលក្ខណៈបច្ចេកទេស មានលក្ខណៈជា high level សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីជំណាញ ដែលក្នុងនោះរួមមាន (១). ទិដ្ឋភាពសន្តិសុខសាយប័រទូទៅក្នុងតំបន់ ការវាយប្រហារ និងវិធីសាស្រ្តនៃការការពារសន្តិសុខសាយប័រ, (២). ការកសាងសមត្ថភាព និងអភិបាលកិច្ចឌីជីថល, និង (៣). ការណែនាំពីលំហាត់ និងការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ (Tabletop exercise)។
ថ្លែងក្នុងពិធីបិទ លោករដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានលើកយកពីចំនុចអាទិភាពសម្រាប់ប្រទេសកម្ពុជា គឺការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ក្រសួង ស្ថាប័ន សាធារណៈ ដែលស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលស្របតាមនិយាមនៃគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ពោលគឺការកសាងឱ្យបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានជឿជាក់ថា សិក្ខាកាមទាំងអស់ពិតជាបានទទួលចំណេះដឹងថ្មីៗ និងបទពិសោធជាក់ស្តែងក្នុងការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រតាមរយៈសិក្ខាសាលានេះ ជាពិសេសការយកចំណេះដឹងនិងជំនាញទាំងនេះ ទៅអនុវត្តបន្ត នៅតាមក្រសួង ស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ជាងមុន។ បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមក្នុងការចូលរួមពង្រឹងសម្ថភាពរបស់ខ្លួន និងសូមលើកទឹកចិត្តឱ្យបន្តស្រាវជ្រាវបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការទប់ស្កាត់ការគំរាមកំហែងសាយប័រដែលអាចកើតមាននាពេលអនាគត៕














