បណ្ឌិត ចន ណារិទ្ធ៖ និយ័តករសន្តិសុខសង្គម ជួយឱ្យការស្នើសុំចុះ និងការអនុវត្តកិច្ចព្រមព្រៀងរវាងមូលដ្ឋានសុខាភិបាល និង ប.ស.ស. មានភាពតម្លាភាព និងលឿនជាងមុន
30-03-2026 11:22
(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយក នៃនិយ័តករសន្តិសុខសង្គម មានប្រសាសន៍កាលពីពេលថ្មីៗនេះថា បន្ទាប់ពីមានវត្តមាន និយ័តករសន្តិសុខសង្គម (ន.ស.ស.) កិច្ចដំណើការនៃការស្នើសុំចុះកិច្ចព្រមព្រៀង និងការអនុវត្តកិច្ចព្រមព្រៀង មានភាពច្បាស់លាស់ តម្លាភាព និងប្រើពេលវេលាតិចជាងមុន ដែលអាចឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវចំនួនមូលដ្ឋានសុខាភិបាលឯកជនជាដៃគូជាបន្តបន្ទាប់។
លោកបណ្ឌិត បានវាយតម្លៃថា ការកើនឡើងចំនួនពេទ្យដៃគូ បានរួមចំណែកដល់ការទទួលបានសេវាសុខាភិបាលកាន់តែប្រសើរឡើងជាបន្តបន្ទាប់ពេលមានការពង្រីកវិសាលភាពការគ្របដណ្តប់។
លោកបណ្ឌិតក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ន.ស.ស. ត្រូវបង្កើនការសហការកាន់តែជិតស្និទ្ធបន្ថែម ជា ប.ស.ស. ក្រសួងសុខាភិបាល និងទៅថ្ងៃមុខ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយដែលបច្ចុប្បន្នកំពុងរៀបចំប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ (ដើម្បីអនុវត្តមុខងារបញ្ជាក់ចំណាយរបស់ ប.ស.ស. ក្នុងពេលឆាប់ៗ) ដើម្បីធានាថាការអនុវត្តកិច្ចព្រមព្រៀងប្រព្រឹត្តទៅប្រកបដោយអនុលោមភាព និងការផ្តល់សេវាពាក់ព័ន្ធផ្សេងៗត្រូវបានផ្តល់ជូនមន្ទីរពេទ្យជាដៃគូប្រកបដោយតម្លាភាព គណនេយ្យភាព ទាន់ពេល និងក្នុងស្មារតីជាដៃគូរវាងគ្នា និងគ្នា ដោយផ្អែកលើអភិក្រម «សហការ និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយតួអង្គពាក់ព័ន្ធ ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស្របតាមមូលដ្ឋានច្បាប់»។
សូមជម្រាបជូនថា ន.ស.ស បានផ្តល់ការឯកភាពឱ្យ ប.ស.ស. ចុះកិច្ចព្រមព្រៀងជាមួយដៃគូចំនួន៥៧ ចាប់តាំងពី ន.ស.ស. បានដាក់ចេញនូវសេចក្តីសម្រេចស្តីពី «ការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការស្នើសុំការឯកភាពរបស់និយ័តករសន្តិសុខសង្គម ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤៕




