រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលសហគមន៍ក្រឡានថ្មគ្រែ ដើម្បីលើកកម្ពស់អត្តសញ្ញាណម្ហូបអាហារ និងជំរុញទេសចរណ៍មូលដ្ឋាន ក្នុងឱកាសព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

30-03-2026 11:41

(ក្រចេះ)៖ ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីចុះទៅសហគមន៍ក្រឡានថ្មគ្រែ និងសំណេះសំណាលជាមួយប្រជាសហគមន៍ ក្នុងឱកាសព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា រួមជាមួយ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងភរិយា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍យ៉ាងកក់ក្តៅ។ ក្នុងកម្មវិធីនេះផងដែរ លោក និងភរិយា បានចូលរួមដុតក្រឡានប្រមាណ ៤០គីឡូក្រាម ជាមួយប្រជាសហគមន៍ ក្នុងបរិយាកាសសាមគ្គីភាព និងស្និទ្ធស្នាល។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងថា «ក្រឡាន» មិនត្រឹមតែជាអាហារប្រពៃណីទេ ប៉ុន្តែជាអត្តសញ្ញាណទេសចរណ៍ម្ហូបអាហារដ៏សំខាន់ ដែលបានរួមចំណែកលើកកម្ពស់ភាពទាក់ទាញនៃខេត្តក្រចេះ និងបង្កើតបទពិសោធន៍ពិសេសសម្រាប់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ សហគមន៍ក្រឡានថ្មគ្រែ ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ម្ហូបអាហារដ៏លេចធ្លោ ដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងវប្បធម៌ ប្រពៃណី និងជីវភាពប្រជាជនក្នុងតំបន់។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍នេះ បានរួមចំណែកសំខាន់ក្នុងការបង្កើតការងារ បង្កើនចំណូល កាត់បន្ថយការចំណាកស្រុក និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមាន តម្លៃវត្ថុធាតុដើម ការវេចខ្ចប់ ការខ្វះដៃគូសហការ និងការប្រកួតប្រជែងទីផ្សារ ដែលត្រូវការការយកចិត្តទុកដាក់ និងដោះស្រាយជាបន្តបន្ទាប់។

រដ្ឋមន្ត្រី ហួត ហាក់ បានបន្តផ្តល់អនុសាសន៍ដល់សហគមន៍ ឱ្យបន្តរក្សាគុណភាពរសជាតិប្រពៃណី យកចិត្តទុកដាក់លើអនាម័យ និងបរិស្ថាន ពង្រឹងសោភ័ណភាពទីតាំង និងពង្រីកការផ្សព្វផ្សាយតាមបណ្តាញសង្គម និងការសហការជាមួយអ្នកផលិតមាតិកា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ មន្ទីរ និងក្រសួងពាក់ព័ន្ធ ត្រូវបន្តគាំទ្រ និងចុះជិតស្និទ្ធសហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់សមត្ថភាពអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សហគមន៍ក្រឡានថ្មគ្រែ ដែលបានខិតខំអភិរក្សបេតិកភណ្ឌវប្បធម៌ និងបង្កើតតម្លៃបន្ថែមឱ្យវិស័យទេសចរណ៍ ព្រមទាំងបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកអភិវឌ្ឍសហគមន៍ទេសចរណ៍ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា កម្មវិធីនេះ មិនត្រឹមតែជាការចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់អត្តសញ្ញាណម្ហូបអាហារខ្មែរ និងជំរុញទេសចរណ៍មូលដ្ឋានឱ្យកាន់តែមានភាពរស់រវើក និងទាក់ទាញ៕