ឯកឧត្តមបណ្ឌិត ជីវ កេង ថ្លែងអំណរគុណ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីចម្រើនជន្មាយុ

30-03-2026 12:41

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានចេញសារលិខិតថ្លែងអំណរគុណ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរ នូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ខ្ញុំមានសេចក្តីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ដែលបានផ្ញើសារលិខិតជូនពរខ្ញុំនូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំ ដែល ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៦នេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងកោត សរសើរចំពោះ ឯកឧត្តម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញបេសកកម្ម ដោយមិនខ្លាចនឿយហត់ ដែលបានខិតខំប្រឹងប្រែងចូលរួមដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់ អាណត្តិ៣ឆ្នាំ លើកទី១០ ក្នុងពេលកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈជូនជាតិមាតុភូមិ។

នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយថែរក្សា អភិបាល ប្រោះព្រំសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ទទួលនូវការស្រឡាញ់រាប់អានដ៏ស្មោះពីខ្ញុំ»៕