រដ្ឋមន្ត្រី ហែម វណ្ណឌី លើកទឹកចិត្ត មន្រ្តីរាជការ និងវិស័យឯកជន ​ប្រើប្រាស់ AI ឱ្យកាន់តែទូលំទូលាយ ក្នុងការជួយដល់ការធ្វើអាជីវកម្ម និងការងារ (Video inside)

30-03-2026 13:31

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់មន្ត្រីរាជការនៅតាមបណ្តាក្រសួងស្ថាប័ន និងវិស័យឯកជន ប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ឱ្យកាន់តែទូលំទូលាយ ក្នុងការជួយដល់ការធ្វើជីវកម្ម និងការបំពេញការងារផ្សេងៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ​នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសបញ្ជាក់ពីសារៈសំខាន់របស់AI ដែលបច្ចុប្បន្ននេះ ​បានប្រែក្លាយនិងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច និងសង្គមទាំងមូល ខណៈនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ក៏កំពុងចាប់យក និងព្យាយាមទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត និងគ្រប់គ្រងឱ្យបាននូវគុណសម្បត្តិ និងគុណវិបត្តិផងដែរ។

ដោយឡែកនៅកម្ពុជា និន្នាការនៃការប្រើប្រាស់ AI បានកើនឡើងផងដែរ និងបានជួយយ៉ាងច្រើនដល់ម្ចាស់អាជីវកម្ម ដូចជាការផលិតវីដេអូផ្សព្វផ្សាយផលិតផល ការជួយឆ្លើយសំណួរទៅកាន់អតិថិជន ការវិភាគ និងផ្ទៀងផ្ទាត់ទិន្នន័យផ្សេងជាដើម។

លោក ហែម វណ្ណឌី បាន​លើកទឹកដល់ ធុរជន ពាណិជ្ជករ ឧស្សាហករ ផលិតករ និងសេវាករ ទាំងអស់ រួមនឹងមន្រ្តីនៅតាមក្រសួងស្ថាប័នរដ្ឋ កុំខ្លាចបច្ចេកវិទ្យា AI និងខិតខំចំណាយពេលរៀនសូត្រពីAI ព្រោះAI នឹងជួយដល់ការងាររបស់យើងបានច្រើន ដូចជាការជួយសរសេរសន្ទរកថា ជួយវិភាគទិន្នន័យ ជួយផ្សព្វផ្សាយផលិតផល និងបង្កើតគម្រូវេចខ្ចប់ផលិតផលឱ្យកាន់តែទាក់ទាញ។ល។

លោកបានសង្កត់ធ្ងន់ថា«សូមលើកទឹកឱ្យក្រសួងស្ថាប័នរដ្ឋ វិស័យឯនជន សិស្សានុសិស្សគ្រប់ស្រទាប់វណ្ណៈប្រើប្រាស់ AI ។ សូម្បីតែអ្នកលក់ដូរតូចតាច ដែលគ្មានពេល និងជំនាញក្នុងការបង្កើតវីដេអូប្រម៉ូត អាចប្រើប្រាស់ AI ដើម្បីបង្កើនការផ្សាយពាណិជ្ជកម្ម​ ជួយដល់ការធ្វើពាណិជ្ជកម្មតាមអនឡាញ»

សូមស្តាប់ប្រសាន៍បន្ថែមរបស់ លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី៖