គណៈប្រតិភូក្រសួងវប្បធម៌ ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរសេនាតូច ៧៩៥
30-03-2026 15:03
(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក បានអញ្ជើញចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរសេនាតូច ៧៩៥។
នាឱកាសនោះដែរ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងក្នុងនាមលោកផ្ទាល់, លោកបានលើកឡើងថា ថ្វីដ្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារបូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពពុះពារជម្នះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងនៅសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។
អំណោយដែលផ្តល់ជូននគរបាលការពារព្រំដែននៃកងវរសេនាតូច ទាំងពីរខាងលើរួមមាន គ្រឿងឧបភោគ បរិភោគ (អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មី ស្ករស ស្ករគ្រាប់ កាហ្វេ ដំណាប់ទំពាំងបាយជូ ប៊ីចេង ប្រេងឆា) ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕
























