អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បើកកិច្ចប្រជុំ ជាមួយក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍របស់រាជរដ្ឋាភិបាល

30-03-2026 15:20

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាថ្ងៃទីសាមសិប ខែមីនា ឆ្នាំពីរពាន់ម្ភៃប្រាំមួយ នៅបន្ទប់ប្រជុំ «ខ» នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍របស់រាជរដ្ឋាភិបាល និងសមាជិកក្រុមការងារបច្វេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តុ សរុបចំនួន ៧២រូប តាមរយៈចូលរួមដោយផ្ទាល់ និង ៣៤ គណនី តាមប្រព័ន្ធនិម្មិត។

កិច្ចប្រជុំនេះ មានគោលបំណង៖ ១, ពិនិត្យនូវវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។​
២, ជំរុញសកម្មភាពអន្តវិស័យឆ្លើយតបនឹងមេរោគអេដស៍របស់ក្រសួង ស្ថាប័ន រាជធានី ខេត្ត។​
៣, យន្តការច្នៃប្រឌិតក្នុងការកៀគរធនធាន និងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ និង ៤ ជំរុញការអនុវត្តនូវលិខិតលេខ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការរដ្ឋមន្រ្តី។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១. សុន្ទរកថាបើកកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
២. របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៦ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដោយលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។
៣. ការលើកម្ពស់មគ្គុទេសភាព នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៦ ដោយលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។
៤. កិច្ចពិភាក្សាពេញអង្គដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
៥. សុន្ទរកថាបិទកិច្ចប្រជុំ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ជាកិច្ចចាប់ផ្តើមលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដល់អង្គប្រជុំ ដោយបញ្ជាក់ពីប្តេជ្ញាចិត្តខ្ពស់ក្នុងស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្ត ដើម្បីឈានទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលដែលបានសម្រេចជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ពីលមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ០.៥% (ឆ្នាំ២០២៤)។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនផង ដែលយោងលទ្ធផលឆ្នាំ២០២៤កន្លងមក ការឆ្លងថ្មីមេរោគអេដស៍នៅកម្ពុជាបានធ្លាក់មកនៅត្រឹមចំនួន ១២០០ ករណី ប៉ុន្តែនៅឆ្ងាយពីគោលដៅយុទ្ធសាស្រ្តជាតិបានកំណត់ប្រមាណជា ២០០ករណីក្នុងមួយឆ្នាំ។ ចំណែកក្រុមប្រជាជនគន្លឹះនៅមានអត្រាផ្ទុកមេរោគអេដស៍ខ្ពស់នៅឡើយបើធៀបជាមួយប្រជាជនលទូទៅ។

ជាបន្តលោកទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស រាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។
ជាបន្តទៀតលោកទេសរដ្ឋមន្រ្តី បានអនុញ្ញាតិជូន លោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្តីពីការលើកម្ពស់មគ្គុទេសភាព នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៦។
បន្ទាប់មកលោកទេសរដ្ឋមន្រ្តី បានអនុញ្ញាតិឱ្យមានកិច្ចពិភាក្សាយ៉ាងផុសផុល ដោយសមាជិកបានលើកឡើងពីសមិទ្ធផល និងបញ្ហាប្រឈម នៃការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍តាមវិស័យនានា។

បន្ទាប់មកលោកទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជំរុញសមាជិកអង្គប្រជុំឱ្យអនុវត្តលិខិតលេខ ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ចេញជាវិធានការដាច់ខាត ជំរុញឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិនៃឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តល់អនុសាសន៍អាទិភាពមួយចំនួន ដូចខាងក្រោម៖

• ជំរុញការអនុវត្តនូវសារាចរអន្តរក្រសួងលេខ ០០៧ សហវ.អហក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដែលផ្តល់លទ្ធភាពឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចចាត់ចែង និងប្រើប្រាស់ថវិការសេវា ដើម្បីឆ្លើយតបនឹងមេរោគអេដស៍
• ពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះដោយត្រូវបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈអភិបាលរាជធានីខេត្ត ដើម្បីជំរុញ និងលើកទឹកចិត្តក្រុមប្រជាជនគន្លឹះ និងពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅទាំងនេះឱ្យបានឆាប់រហ័ស និងទូលំទូលាយបំផុត ដើម្បីធានាបាននូវកិច្ចគាំពារសង្គម និងសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។
• បង្កើនការអង្កេត និងការឆ្លើយតបទៅនឹងឥរិយាបថប្រឈមថ្មីៗ ដោយត្រូវបង្កើនការអង្កេតតាមដានយ៉ាងចិត្តទុកដាក់លើនិន្នាករ និងឥរិយាបថប្រឈមថ្មីៗ ជាពិសេសតាមរយៈវិធីសាស្រ្តចម្រុះ។
• ជំរុញយុទ្ធសាស្រ្តប្រើប្រាស់ស្រោមអនាម័យ ១០០% ដោយបន្តផ្សព្វផ្សាយ និងរិតបន្តឹងការអនុវត្តសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ។

ចុងបញ្ចប់លោកទេសរដ្ឋមន្ត្រី បានប្រសិទ្ធពរជ័យ សិរិសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់សមាជិកអង្គប្រជុំ មានសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សេចក្តីចម្រើន និងសម្រចបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងគោលដៅបញ្ចប់អេដស៍ និងធានាចីរភាពកម្មវិធីសម្រាប់ឆ្នាំបន្តបន្តាប់៕