ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបំភ្លឺស្តីពីការការអនុវត្តន៍ល្មើសវិន័យលើឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍
30-03-2026 15:22
(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ៍ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធការអនុវត្តន៍ល្មើសវិន័យលើឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យ នគរបាលចរាចរណ៍។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រព្រឹត្តល្មើសវិន័យនគរបាលជាតិរបស់ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ដែលក្នុងពេលបម្រើការងារ ជាមន្រ្តីនគរបាលអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក បានសាងកំហុសឆ្គងជាបន្តបន្ទាប់បង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ផលប្រយោន៍ប្រជាពលរដ្ឋស្លូតត្រង់ ដែលកន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្តល់ឲ្យកាសឲ្យឈ្មោះ ស៊ិន សុភា កែប្រែកំហុសឆ្គងនៅការិយាល័យបុគ្គលិកជាច្រើនដង តែឈ្មោះ ស៊ិន សុភា មិនព្រមកែខ្លួនហើយនៅតែបន្តកសាងកំហុសឆ្គង។
ល្មើសវិន័យរបស់អតីតអនុសេនីយ៍ទោ ស៊ិន សុភា រួមមាន៖
*កាលពីអំឡុងឆ្នាំ២០២១ ឈ្មោះ ស៊ិន សុភា ធ្លាប់ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដោយបានប្រើប្រាស់ឯកសណ្ឋានសញ្ញាស័ក្ដិ បង្ហោះជាវីដេអូចម្រៀងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ដែលនាំឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មខាងវិន័យក្រោមរូបភាព បន្ថយឋានន្តរស័ក្ដិចំនួន១ថ្នាក់។
*កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ស៊ិន សុភា យកជនស៊ីវិលឲ្យចុះអនុវត្តការងារជំនាញនៅគោលដៅរបស់ខ្លួនគ្រប់គ្រង រៀបចំឲ្យឈ្មោះ យឹម សុផាណា ផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយទំលាក់កំហុស ឲ្យមន្ត្រីនគរបាកចរាចរណ៍នៅគោលដៅស្តុបក្ដាន់ពីរ និងផ្ដើមគំនិត បង្កើតផេកក្លែងក្លាយឈ្មោះ គង់ ម៉ូលីកា បង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត និងដាក់កំហុសលើមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្តាន់ពីរ ថាមានភាពអសកម្ម ដែលខ្លួនបានរៀបចំ ដែលធ្វើឲ្យសាធារណៈមតិរិៈគន់ស្ថាប័ននគរបាលជាតិ។
*កាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ ស៊ិន សុភា ឃាត់រថយន្ត១គ្រឿង ល្មើសភ្លើងសញ្ញាចរាចរណ៍ មិនមានបណ្ណបើកបរនៅចំណុចស្តុបអូរបែកក្អម ដោយបុគ្គលរូបនេះ បានប្រើប្រាស់វិធានការស្របច្បាប់គំរាមទារប្រាក់ ដោយយកតួនាទីសិទ្ធិអំណាចគាបសង្កត់ដើម្បីផលប្រយោជន៍។
ឈ្មោះនេះបានចាត់ចែងបញ្ជាឲ្យមន្ត្រីនាំរថយន្តចេញពីគោលដៅ ដើម្បីបិទបាំងពីមហាជន និងមានភាពងាយស្រួលដល់ការដាក់សម្ពាធក្នុងការទារប្រាក់ រហូតធ្វើឲ្យម្ចាស់រថយន្តបានឡើងតោងខាងក្រោយរថយន្ត បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ថតសកម្មភាពបង្ហោះលើបណ្ដាញសង្គម។ សកម្មភាពនេះបានលាក់បាំងព័ត៌មាន មិនរាយការណ៍ជូននាយការិយាល័យ ដើម្បីមានគោលការណ៍ដោះស្រាយ មុនហេតុការណ៍ មិនទាន់ផ្ទុះលើបណ្ដាញសង្គម ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មខាងវិន័យក្រោមរូបភាព ព្រមានជាលាយលក្ខណ៍ អក្សរ និងបន្ថយឋានន្តរស័ក្ដិចំនួន១ថ្នាក់។
*កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ផ្ដើមចេញពីការមិនសប្បាយចិត្តជាមួយថ្នាក់ដឹកនាំការិយាល័យ ដែលពុំបានដាក់ឈ្មោះរូបគេ (ស៊ិន សុភា) ចុះគោលដៅ ទើបធ្វើឲ្យរូបគេមានការថ្នាំងថ្នាក់ចិត្ត ឈានដល់បែកធ្លាយឯកសារផ្ទៃក្នុង អង្គភាពឲ្យទៅសារព័ត៌មានយកបង្ហោះខ្លឹមសារវាយប្រហារមកលើការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕




