មន្រ្តីជាន់ខ្ពស់សុខាភិបាល អរគុណអង្គការដៃគូពាក់ព័ន្ធ ដែលតែងជួយឧបត្ថម្ភគាំទ្រ ដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅកម្ពុជា ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ
30-03-2026 15:46
(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណ អង្គការអន្តរជាតិ និងដៃគូរពាក់ព័ន្ធទាំងអស់ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ការងារប្រយុទ្ធឆាំងនឹងជំងឺរបេង នៅគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យការងារកម្មវិធីជាតិកំចាត់រោគ របេង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត ធ្វើឡើងនៅក្នងឱកាសតំណាងដ៏ខ្ពង់ខ្ពស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី ២៩ ប្រចាំឆ្នាំ ២០២៥ នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីលោកវេជ្ជបណ្ឌិត Anup Singh Gurung អ្នកសម្របសម្រួលសន្តិសុខសុខភាព អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងលោក លោកស្រី ព្រមទាំងសិស្ស និសិត្សជាច្រើនរូបទៀតផងដែរ។
អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថានៅកម្ពុជា អត្រាកើតជំងឺរបេង និងអត្រាស្លាប់ដោយសារជំងឺរបេង បានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺ អត្រាកើតជំងឺរបេង រឺ អត្រាអាំងស៊ីដង់បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២៧២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៦៨%។ អត្រាស្លាប់បានថយចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ១៨ ករណីក្នុងចំណោមប្រជាជន ១០០ ០០0 នាក់ នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៧៨%។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ថ្លែងបន្តថា «ជាមួយនឹងសមិទ្ធិផលដ៏ល្អប្រសើរនេះ, ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោក (WHO) រដ្ឋាភិបាលសហរដ្ឋអា មេរិក (USG) អង្គការមូលនិធិសកល (Global Fund) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដទៃទៀត ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការងារប្រយុទ្ធនឹងជំងឺរបេង នៅគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យការងារកម្មវិធីជាតិកំចាត់រោគ របេងនៅគ្រប់ថ្នាក់កន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ»។
មួយវិញទៀតសមិទ្ធិផលដែលទទួលបានគួរជាទីមោទនៈនេះ គឺអាស្រ័យដោយមានការគាំទ្រ លើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរដែនដី មន្ត្រីបម្រើការងាររបេង គ្រប់ថ្នាក់ ការជួយឧបត្ថម្ភជាបច្ចេកទេស ថវិកា និង សម្ភារ ក្នុងសកម្មភាពការងារប្រយុទ្ធនឹងជំងឺរបេង ពីសំណាក់អង្គការដៃគូ ជាតិ អន្តរជាតិ និងកិច្ចសហប្រតិបត្តិការ និងសម្របម្រួលដ៏ល្អប្រសើររបស់មន្ត្រីសុខាភិបាលបម្រើការនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាលផងដែរ ព្រមទាំង មានការស្ម័គ្រចិត្តចូលរួមថែទាំ និងព្យាបាលអ្នកជំងឺរបេងពីអ្នកស្ម័គ្រចិត្តតាមភូមិ រួមទាំងញាតិមិត្តសាច់សាលោហិតរបស់អ្នកជំងឺ និងអតីតអ្នកជំងឺរបេងទៀតផង។
នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា ផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបានប្រកាសដោយ អង្គការសុខភាពពិភពលោកក្នុងត្រីមាសទី២ ឆ្នាំ២០២១ កន្លងមកនេះ បានបញ្ជាក់ថាប្រទេសកម្ពុជាយើងពុំ ស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ តាំងពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។
លោកវេជ្ជបណ្ឌិតបន្តថា ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងតារាងបញ្ជី ប្រទេសដែលនៅតែមានការគាំទ្រ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ រាប់បញ្ចូលទាំងអង្គ ការសុខភាពពិភពលោកផងដែរ។ ឯលទ្ធផលនៃ ការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងនៅកម្ពុជាលើកទី៣បាន បង្ហាញថា ប្រេវ៉ាឡង់នៃជំងឺរបេងវិជ្ជមានបេកា (Solid Culture Positive TB Prevalence) បានធ្លាក់ចុះ ប្រមាណ ៤៩% នៅចន្លោះឆ្នាំ២០១១ និង២០២៣៕











