រដ្ឋមន្រ្តី៖ កម្ពុជាមិនមែនជាប្រទេសដែលចេះប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យា សម្រាប់ឱ្យបរទេសប្រើប្រាស់ (Video inside)
30-03-2026 16:03
(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលចេះប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យា យកទៅលក់ឱ្យបរទេសប្រើប្រាស់ផងដែរ។
លោក ហែម វណ្ណឌី លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងបានបង្ហាញតាមរយៈទិវាជាតិនេះ គឺថា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានកំពុងនិងក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យា។យើងឃើញហើយ គឺមានបច្ចេកវិទ្យាមួយចំនួនបង្កើតឡើងដោយកូនខ្មែរ ជានវានុវត្តន៍កម្មដែលបង្កើតដោយកូនខ្មែរយកទៅលក់ទៅឱ្យប្រទេសគេផ្សេងទៀតថែមទៀត។»
លោកលើកឡើងថា នេះជាចំណុចខ្លាំងរបស់កម្ពុជា ហើយសង្ឃឹមថា យុវជនជំនាន់ក្រោយ នឹងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា វិស្វកម្មនេះ ជាមូលដ្ឋាន ក្នុងការបង្កើតនូវសមិទ្ធផលថ្មីៗ បង្កើតនូវសមត្ថភាពថ្មីៗ ដើម្បីលើកកម្ពស់សក្តានុពលរបស់កម្ពុជាឱ្យកាន់តែរឹងមាំ មានភាពធន់ និងអាចប្រកួតប្រជែងក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមចំណែកទាក់ទាញវិនិយោគិនមកកាន់កម្ពុជាបន្ថែមទៀត។
សូមជម្រាបថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។ ទិវានេះ បានរៀបចំឡើងរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ មានកម្មវិធីអមសំខាន់ៗ ដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពិភាក្សា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕
សូមស្តាប់ប្រសាន៍បន្ថែមរបស់ លោករដ្ឋមន្ត្រី ហែម វណ្ណឌី៖







