បណ្ឌិត តាំង ងួនលី៖ ធុរកិច្ចថ្មីជាផ្នែកសំខាន់មួយនៃអនាគតសេដ្ឋកិច្ច ដែលនាំមកនូវគំនិតច្នៃប្រឌិត គំរូអាជីវកម្មថ្មី និងបច្ចេកវិទ្យាថ្មី ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង
30-03-2026 16:07
(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៥ ដោយមានការចូលរួមពីតំណាងពីដៃគូសហការរៀបចំកម្មវិធី សហគ្រិនខ្មែរ និងដៃគូឧបត្ថម្ភធំពី ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ព្រមទាំងដៃគូអភិវឌ្ឍន៍, ដៃគូសារព័ត៌មាន, វិនិយោគិន, ធុរកិច្ចថ្មី និង តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ប្រមាណ ៧០រូប។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥ នេះមានរយៈពេល ១៨សប្តាហ៍ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពធុរកិច្ចថ្មី លើការអភិវឌ្ឍផលិតផល ឬសេវាកម្មឌីជីថល ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង តាមរយៈការតម្រង់ទិសពីអ្នកជំនាញ ការកំណត់យុទ្ធសាស្ត្រទីផ្សារ ការត្រៀមខ្លួនសម្រាប់កៀរគរទុនវិនិយោគ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មីក្នុងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រនានា។ ក្នុងឱកាសនេះដែរអ្នកតំណាងពីសហគ្រិនខ្មែរ និងអ្នកតំណាងពីធនាគារ ABA ក៏បានចូលរួមផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។
ថ្លែនាឱកាសនោះលោកបណ្ឌិត តាំង ងួនលី បានបញ្ជាក់ថា ធុរកិច្ចថ្មីមិនមែនគ្រាន់តែជាផ្នែកតូចមួយនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃអនាគតសេដ្ឋកិច្ច, ធុរកិច្ចថ្មីនាំមកនូវគំនិតច្នៃប្រឌិត គំរូអាជីវកម្មថ្មី និងបច្ចេកវិទ្យាថ្មី ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងជូនប្រជាពលរដ្ឋ ស្ថាប័ន និងទីផ្សារ។
លោកបណ្ឌិត ក៏បានគូសរំលេចពីសមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំកន្លងមក ដែលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម បានគាំទ្រធុរកិច្ចថ្មីសរុបចំនួន៨១ ។ ក្នុងនោះ ធុរកិច្ចថ្មីចំនួន ៥១ (ស្មើនឹង ៦៣%) នៅតែបន្តប្រតិបត្តិការយ៉ាងសកម្មក្នុងទីផ្សារ។ កម្មវិធីបានផ្តល់ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ៣២ ០០០០ដុល្លារសហរដ្ឋអាមេរិក ដែលទោះបីចំនួននេះមិនទាន់មានទំហំធំ ប៉ុន្តែបានរួមចំណែកក្នុងការជំរុញធុរកិច្ចថ្មីក្នុងជំហានដំបូង។ ជាលទ្ធផល រហូតមកដល់បច្ចុប្បន្ន មានធុរកិច្ចថ្មីចំនួន ១៧ អាចកៀរគរទុនវិនិយោគបន្ថែមពីប្រភពផ្សេងៗទៀតបានដោយជោគជ័យ។
លោកបណ្ឌិត តាំង ងួនលី ក៏បានរំលេចផងដែរអំពីការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ដែលគ្រោងនឹងផ្សព្វផ្សាយជាផ្លូវការក្នុងឆ្នាំនេះ។ យុទ្ធសាស្ត្រជាតិនេះនឹងផ្តោតលើយុទ្ធសាស្ត្រអាទិភាពចំនួន ៥ រួមមាន (១) ការរៀបចំលិខិតបទដ្ឋានគាំទ្រ (២) ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន (៣) ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ (៤) ការពង្រឹងសមត្ថភាពតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី, និង (៥) ការតភ្ជាប់បណ្តាញ និងការពង្រីកទីផ្សារ។
សូមបញ្ជាក់ដែរថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលនារដូវកាលទី៥នេះ ទទួលបានពាក្យស្នើសុំចូលរួមពីធុរកិច្ចថ្មីសរុបចំនួន៦៦ ដែលក្នុងនោះ ធុរកិច្ចថ្មីចំនួន១២ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដើម្បីចូលរួមក្នុងកម្មវិធី។ បន្ថែមពីនេះកម្មវិធីនារដូវកាលនេះ បានធ្វើការកែសម្រួលវិធីសាស្ត្រគាំទ្រធុរកិច្ចថ្មីបន្ថែមដោយផ្តោតលើ ការគាំទ្រតាមដំណាក់កាល ដើម្បីផ្តល់ការណែនាំ និងការគាំទ្រឱ្យកាន់តែសមស្របទៅនឹងតម្រូវការរបស់ធុរកិច្ចថ្មីនៅក្នុងដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍអាជីវកម្ម។ ធុរកិច្ចថ្មីត្រូវបានបែងចែកជា បីក្រុមសំខាន់ៗ រួមមាន៖ ១. ដំណាក់កាលស្វែងយល់, ២. ដំណាក់កាលការវាស់ស្ទង់ទីផ្សារ និង ៣. ដំណាក់កាលពង្រីកទំហំអាជីវកម្ម។
ការរៀបចំតាមដំណាក់កាលនេះ មានគោលបំណងធ្វើឱ្យការគាំទ្រកាន់តែមានភាពចំគោលដៅ និងឆ្លើយតបបានល្អប្រសើរទៅនឹងបញ្ហា និងតម្រូវការជាក់ស្តែងរបស់ធុរកិច្ចថ្មី។ នៅចុងបញ្ចប់នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ នឹងមានការជ្រើសរើស ធុរកិច្ចថ្មីឆ្នើមចំនួន ៥ ដែលនឹងមានឱកាសប្រកួតប្រជែង ដើម្បីទទួលបានថវិកាគាំទ្រជា ទុនឧបត្ថម្ភដែលមិនយកភាគហ៊ុន (Equity-free Investment) សរុបចំនួន ១២០ លានរៀល៕















