អភិបាលខេត្តតាកែវ ចុះពិនិត្យមើលទីតាំងគ្រោងរៀបចំបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្នុងដំណាក់កាលទី២ នៅថ្ងៃទី១១ ខែមេសា
30-03-2026 16:20
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យទីតាំងគ្រោងត្រៀមរៀបចំ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្នុងដំណាក់កាលទី២ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យមើលទីតាំងជាក់ស្ដែង លោក វ៉ី សំណាង បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកដ៏ធំមួយ ដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូន និងធ្វើពាណិជ្ជកម្ម។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរ ឡើងថែមទៀត។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រសិនគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១១ ខែមេសា ខាងមុខ នឹងមានការបើកការដ្ឋានសាងសង់ ក្នុងដំណាក់កាលទី២ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ដោយឆ្លងកាត់ ស្រុក-ក្រុងចំនួន៦ រួមមាន៖ ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់៕


















