តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងអភិបាលខេត្តកែប បើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅសហគមន៍នេសាទអូរក្រសារ ក្រុងកែប
30-03-2026 16:28
(កែប)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមហិរញ្ញប្បទាន របស់ធនាគារពិភពលោក នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានរៀបចំបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅសហគមន៍នេសាទអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ពិធីនេះបានឡើងក្រោមអធិបតីភាពលោក ទា ច័ន្ទលីដា អនុរដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សហគមន៍ គឺជាចំណុចសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងប្រើប្រាស់សមិទ្ធផលដែលកើតមានពីគម្រោងនេះ ឱ្យមានប្រសិទ្ធភាព និងយូរអង្វែង ដើម្បីធានាបាននូវអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់សហគមន៍ទាំងមូល។ ជាពិសេសបងប្អូនប្រជានេសាទ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិរក្សធនធានជលផលសមុទ្រ ដោយណែនាំឱ្យជៀសវាងការនេសាទក្តាមដែលកំពុងមានពងបើសិនក្នុងករណីនេសាទ បានក្តាមដែលមានពង សូមលែងវិញទៅក្នុងសមុទ្រ ដើម្បីឱ្យវាបន្តពូជ។
ក្នុងឱកាសនោះ លោក ទា ច័ន្ទលីដា បានថ្លែងថា ចំណោមសហគមន៍ ចំនួន១២ មាន ៥សហគមន៍ ត្រូវបានគម្រោងគាំទ្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានថវិកាសរុបប្រមាណ ៤.៣លានដុល្លារអាមេរិក។ សហគមន៍ទាំងនេះរួមមាន៖ សហគមន៍នេសាទអូរក្រសារ ស្ថិតនៅក្នុងខេត្តកែប និងសហគមន៍នេសាទកំពង់សាមគ្គី, ត្រពាំងសង្កែ, ព្រែកត្នោត និងត្រពាំងរពៅ ស្ថិតនៅក្នុងខេត្តកំពត។
លោកបានបន្ថែមថា ជាក់ស្តែងសហគមន៍នេសាទអូរក្រសារ ទទួលបានថវិកាគាំទ្រពីគម្រោង LASED III ប្រមាណ ០.៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍សំណង់សំខាន់ៗជាច្រើនរួមមាន៖ ចំណតរថយន្ត អគារសហគមន៍, បន្ទប់ទឹកសាធារណៈ, អគារផ្តល់ព័ត៌មាន, កន្លែងអង្គុយសម្រាក និងផ្លូវដើរលើទឹកប្រវែង ៣២២ម៉ែត្រ។ ក្រៅពីនេះក៏មានកន្លែងឈប់សម្រាក, តូបលក់ភេសជ្ជៈ, ទីតាំងថតរូប និងរូបសំណាកសត្វក្រសារ ដែលជានិមិត្តរូបសហគមន៍ផងដែរ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យតំបន់មានសណ្តាប់ធ្នាប់ ស្អាត មានអនាម័យល្អ ទាក់ទាញភ្ញៀវទេសចរ និងជួយបង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងសហគមន៍៕





































