សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ដើម្បីពង្រឹងអភិបាលកិច្ច និងសេវាសាធារណៈ
30-03-2026 16:47
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពី លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, លោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ព្រមទាំងតំណាងអង្គការ អេដ អេ អាកស្យុង (Aide et Action) និងសមាជិកសរុបប្រមាណ១៦០នាក់។
លោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ចំនួន៥ ចំណុច រួមមាន៖
១-ពិនិត្យ និងអនុម័តរបាយការណ៍ការងារ និងថវិកាឆ្នាំ២០២៥, ២-អនុម័តផែនការសកម្មភាព និងកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៦, ៣-កែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង, ៤-អនុម័តគោលនយោបាយគ្រប់គ្រង និងប្រតិបត្តិការ (MOM) និងទី៥-បង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូអភិវឌ្ឍន៍។
លោកបានសង្កត់ធ្ងន់ថា បេសកកម្មចម្បងរបស់សមាគម គឺការតស៊ូមតិ ការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក និងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈតម្លាភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈ។
លោក សយ កុសល បានលើកឡើងពីសមិទ្ធផលធំៗក្នុងឆ្នាំ២០២៥ ដែលសម្ព័ន្ធភាពជាតិសម្រេចបាន រួមមានការរៀបចំសិក្ខាសាលា បានចំនួន២៨៩លើក និងការកៀងគរថវិកាពីសមាជិក និងដៃគូអភិវឌ្ឍន៍បានរាប់លានរៀល និងរាប់សែនដុល្លារ។ ជាពិសេស លោកបានរំលឹកពី "វប្បធម៌ចែករំលែក" ក្នុងកាលៈទេសៈដែលកម្ពុជារងការឈ្លានពានពីទាហានសៀម ដោយសម្ព័ន្ធភាពជាតិបាននាំយកគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន១,៦២៣នាក់ ដែលរងផលប៉ះពាល់នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។
ក្នុងឱកាសបើកកិច្ចប្រជុំ លោក ម៉ក់ រ៉ា បានផ្តល់ការណែនាំឱ្យសមាគមអនុវត្តការងារឱ្យស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋភិបាល ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចឌីជីថល, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលជាសេនាធិការដ៏រឹងមាំ ក្នុងការតភ្ជាប់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ។
លោកបានផ្ដាំផ្ញើឱ្យសមាគម បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ជាពិសេសអង្គការ អេដ អេ អាកស្យុង ដើម្បីកៀងគរធនធាន និងបច្ចេកទេសបន្ថែម យកមកអភិវឌ្ឍសមត្ថភាពមន្ត្រីមូលដ្ឋានឱ្យកាន់តែខ្លាំងក្លា សំដៅឈានទៅសម្រេចបាននូវសុខុមាលភាពសង្គម។
លោក ម៉ក់ រ៉ា បានផ្តល់ការណែនាំឱ្យអង្គប្រជុំទាំងមូល ពិភាក្សាដេញដោលលើរាល់ខ្លឹមសារនៃឯកសារគោលនយោបាយគ្រប់គ្រង និងប្រតិបត្តិការ (MOM) ឱ្យបានផុសផុល ដើម្បីក្លាយជាឧបករណ៍គតិយុត្តិដ៏មានប្រសិទ្ធភាព សម្រាប់អនុវត្តក្នុងអាណត្តិទី៤នេះ ឱ្យទទួលបានជោគជ័យត្រចះត្រចង់៕












































