លទ្ធផលនៃការចូលរួម របស់ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ អង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងយុនដេ ប្រទេសកាម៉េរូន
30-03-2026 18:19
(កាម៉េរូន)៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងយុនដេ ប្រទេសកាម៉េរូន។
សន្និសីទ MC14 គឺជាយន្តការសម្រេចចិត្តខ្ពស់ បំផុតរបស់អង្គការ WTO ដែលប្រជុំជារៀងរាល់ពីរឆ្នាំម្តង ក្រោមវត្តមានចូលរួមពីសំណាក់រដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត និង មន្ត្រីជាន់ខ្ពស់ ក៏ដូចជាតំណាងមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ និងវិស័យឯកជន ដើម្បីដោះស្រាយជាបន្ទាន់នូវការកែ ទម្រង់អង្គការ WTO។
បន្ទាប់ពីការចូលរួមក្នុងសន្និសីទ MC14 រដ្ឋមន្ត្រីដែលមានវត្តមានទាំងអស់ត្រូវបានជំរុញឱ្យផ្តល់ នូវទិសដៅនយោបាយច្បាស់លាស់ និងសម្រេចឱ្យបាននូវការឯកភាព លើផែនការកែទម្រង់ជាក់លាក់។ កិច្ចពិភាក្សា សំខាន់ៗបានផ្តោតលើអនាគតនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងកិច្ចចរចាអាទិភាពនានា រួមមាន កសិកម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការឧបត្ថម្ភធនក្នុងវិស័យជលផល ការសម្របសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍន៍ និងកម្មសិទ្ធិបញ្ញា។
នៅថ្ងៃទី២៥ ខែមីនា លោកបណ្ឌិតសភាចារ្យ បានចូលរួមក្នុងព្រឹត្តិការណ៍អមដែលរៀបចំដោយអង្គការ WTO និងក្រុមធនាគារពិភពលោក (World Bank Group) ស្តីពី ពាណិជ្ជកម្មសេវាកម្មសម្រាប់ការអភិវឌ្ឍ (TS4D)” ដែលផ្តោតលើការពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
លោកបណ្ឌិតសភាចារ្យ ក៏បានចូលរួមក្នុងវេទិកាធុរកិច្ចសន្និសិទ MC14 ដែលរៀបចំរួមគ្នាដោយអង្គការ WTO និងសភា ពាណិជ្ជកម្មអន្តរជាតិ (ICC) ដែលក្នុងនោះថ្នាក់ដឹកនាំមកពីវិស័យសាធារណៈ និងឯកជន បានពិភាក្សាអំពីបញ្ហា ប្រឈមនៃពាណិជ្ជកម្មសកល ក្នុងអំឡុងពេលមានវិបត្តិបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា។
នៅថ្ងៃទី២៦ ខែមីនា លោកបណ្ឌិតសភាចារ្យ បានចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ MC14 ដែលមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមានលោក Joseph Dion Ngute នាយករដ្ឋមន្ត្រីកាម៉េរូន លោកស្រីបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយិកាអង្គការ WTO លោក Muhammed B.S. Jallow អនុប្រធានាធិបតីហ្គាំប៊ី លោក Teodoro Nguema Obiang Mangue អនុប្រធានាធិបតីហ្គីណេអេក្វាទ័រ ព្រមទាំងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតជាច្រើនរូប ទៀត។
នៅថ្ងៃទី២៧ ខែមីនា លោកបណ្ឌិតសភាចារ្យ បានចូលរួមក្នុងសម័យប្រជុំស្តីពីការកែទម្រង់អង្គការ WTO ដែលរៀបចំឡើងក្នុងទម្រង់ជាការផ្លាស់ប្តូរមតិកម្រិតរដ្ឋមន្ត្រីលើបញ្ហាឬសគល់ ដែលរួមមានគោលការណ៍ស្នូល របស់អង្គការ WTO មុននឹងឈានទៅសម័យប្រជុំពិភាក្សាតាមក្រុមតូចៗ (Breakout sessions)។
សម័យប្រជុំទាំង នេះបានផ្តោតសំខាន់លើយន្តការនៃដំណើរការធ្វើសេចក្តីសម្រេចចិត្ត ស្ថានភាពនៃការអនុវត្តអាណត្តិមុនៗ ទិដ្ឋភាពនៃ ការអភិវឌ្ឍ បញ្ហានៃការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) និងកិច្ចពិភាក្សាខ្លឹមសារដទៃទៀតលើ ទិសដៅអនាគតនៃការកែទម្រង់អង្គការ WTO និងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ឆ្លៀតក្នុងឱកាសនៃសន្និសីទនេះ លោកបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Manuel Tovar Rivera រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេសនៃកូស្តារីកា លោក César Llona អនុរដ្ឋ មន្ត្រីពាណិជ្ជកម្មក្រៅប្រទេសនៃប៉េរូ លោក Chris Bryant រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មនៃចក្រ ភពអង់គ្លេស និង ឯកអគ្គរដ្ឋទូត Victor Manuel Aguilar Pérez តំណាងអចិន្ត្រៃយ៍នៃម៉ិកស៊ិកប្រចាំអង្គការ WTO ដើម្បីស្វែងរកការគាំទ្រចំពោះដំណើរការចូលជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានស្តង់ដារខ្ពស់បំផុត។
លោកបណ្ឌិតសភាចារ្យ ក៏បានចូលជួបសម្តែងការគួរជាមួយ លោកស្រីបណ្ឌិត Ngozi Okonjo-Iweala ផងដែរ។
ទន្ទឹមនឹងគ្នានេះ លោកបណ្ឌិតសភាចារ្យ បានជួបពិភាក្សាការងារ ទ្វេភាគីជាមួយលោកស្រី Aissatou Diallo នាយិកាប្រតិបត្តិនៃលេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខ័ណ្ឌ សមាណហរណកម្ម (EIF) ដើម្បីបន្តពិនិត្យលទ្ធភាពនៃកិច្ចសហ ប្រតិបត្តិការរវាង គ.ផ.គ.ព. និង EIF ក៏ដូចជាបានពិភាក្សាការងារជាមួយ លោក Escipion J. Oliverira-Gomez នាយកផ្នែកកម្មវិធីប្រទេសនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និង លោក Quan Zhoa មន្ត្រីកម្មវិធីជាន់ខ្ពស់ នៃផ្នែកគោលនយោបាយពាណិជ្ជកម្មនៃមជ្ឈមណ្ឌល ITC ដើម្បីផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយកម្ពុជា៕










