ក្រុមគ្រូពេទ្យរួមគ្នាចុះព្យាបាល ជូនប្រជាពលរដ្ឋនៅស្រុកកោះញែក ដោយមិនគិតកម្រៃ

30-03-2026 18:24

(មណ្ឌលគិរី)៖ ក្រៅពីការបំពេញការងារស្នូលរបស់ខ្លួនក្នុងម៉ោងរដ្ឋបាលការងារ​ហើយ​នោះ នៅថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកការងារក្នុងម៉ោងការងារនោះ ក្រុមគ្រូពេទ្យ​ច្រើន​រូប​នៅមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក្រុមគ្រូពេទ្យកុមារអង្គការចេនឡា និងក្រុម​ការ​ងារគ្រូ​ពេទ្យស្ម័គ្រចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំគ្នាចុះធ្វើ​សកម្ម​ភាព​មនុ​ស្ស​ធម៌ ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក ដែលជាតំបន់​ដាច់​ស្រយាលមួយនៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី២៩ ខែ​មីនា ឆ្នាំ២០២៦ ត្រូវបានដឹកនាំដោយលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី និង​មាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់លោកប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌល​សុខភាព អាជ្ញាធរស្រុក និងយុវជនកាកបាទក្រហមផងដែរ។

សកម្មភាពពិនិត្យ និងព្យាបាល ត្រូវបានធ្វើឡើងនៅបរិវេណសាលាបឋម​សិក្សា​សុខ​សាន្ត ភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក។ ជំងឺប្រជាពលរដ្ឋ ដែលពិនិត្យ និងព្យាបាល​នា​ពេលនោះ មានដូចជាការពិនិត្យសុខភាពមាត់ធ្មេញ ភ្នែក និងពិនិត្យ ព្យាបាលកុមារ និង​មនុស្ស​ចាស់ ផ្តល់ថ្នាំបង្ការ និងរោគស្រ្តីជាដើម។

ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ការចុះធ្វើសកម្មភាពមនុស្សរបស់ក្រុមគ្រូពេទ្យដោយពិនិត្យ និងព្យាបាលជំងឺជូន​ប្រជា​ពលរដ្ឋដោយមិនគិតថ្លៃ គឺបានចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ប្រជា​ពល​រដ្ឋ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើជំងឺតម្កាត់ផ្សេងៗ។ ជាពិសេសជា​ឱ​កាស​ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឱ្យចេះគិតគូរយកចិត្តទុកដាក់ទៅលើសុខភាព​របស់​ពួកគាត់។

ប្រជាពលរដ្ឋបានរំលេចនូវស្នាមញញឹម ដែលជាសញ្ញាបង្ហាញនូវក្តីត្រេកអរចំពោះការ​ទទួលបានឱកាសពិនិត្យ និងព្យាបាលជំងឺគេនៅជិតផ្ទះពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៕