នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាជាមួយ ឧត្តមសេនីយ៍ទោ GILES J.S. Cornelia មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក

30-03-2026 18:52

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅទីបញ្ជាការកងទ័ពជើងគោក។

ជំនួបនេះមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (Army Staff Talks) ដើម្បីជាវេទិកាសម្រាប់ការសម្របសម្រួល និងដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាមេរិក៕