អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំវគ្គបំពាក់បំប៉ន តម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ
30-03-2026 19:00
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំ «វគ្គបំពាក់បំប៉នតម្រង់ ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម» ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ ក្រោមវត្តមានលោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
វគ្គបំពាក់បំប៉ននេះ មានសមាសភាពចូលរួមសុរបចំនួន ៥៩៥រូប ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានទាំង៧ ចំណុះអគ្គនាយកដ្ឋាន និងមន្ត្រីនៃការិយាល័យជំនាញ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងពិធីបើកលោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា វគ្គបំពាក់បំប៉ននេះ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណង «លើកកម្ពស់ប្រសិទ្ធភាពការងារ ការយល់ដឹងអំពីតួនាទីភារកិច្ចរបស់មន្ត្រី របៀបរបបការងារ បទវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងតួនាទី ក្នុងនាមជាមន្ត្រីដ៏ល្អសម្រាប់អង្គភាព និងសម្រាប់ប្រជាពលរដ្ឋទូទៅ»។
ក្នុងវគ្គបំពាក់បំប៉ននេះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់បញ្ចូលប្រធានបទសំខាន់ៗចំនួន៥ រួមមាន៖
*ទី១៖ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
*ទី២៖ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម
*ទី៣៖ បទវិន័យ និងរបៀបរបបការងារមន្ត្រីអត្តសញ្ញាណកម្ម
*ទី៤៖ ការផ្តល់សេវាអត្តសញ្ញាណកម្ម
*ទី៥៖ ក្រមសីលធម៌ វិជ្ជាជីវៈនៃមន្ត្រីផ្តល់សេវា។
លោកបណ្ឌិត តុប នេត បានលើកឡើងថា សិក្ខាកាមដែលបានចូលរួមវគ្គបំពាក់បំប៉ននេះ តម្រូវឱ្យមានតេស្ដវាស់ស្ទង់ចំណេះដឹង ដោយត្រូវទទួលបានពិន្ទុ ចាប់ពី៦៥%ឡើងទៅ ដោយឡែកចំពោះសិក្ខាកាមដែលអវត្តមាន ឬទទួលបានពិន្ទុសរុបតិចជាង៦៥% ត្រូវចូលរួមនៅវគ្គបន្ទាប់ទៀត។
ជារួមតាមរយៈវគ្គបំពាក់បំប៉ននេះ ថា្នក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទាំងអស់ ប្តេជ្ញាចិត្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងមានការទទួលខុសត្រូវ កាន់តែខ្ពស់ ក្នុងបេសកកម្មបម្រើជាតិ និងមាតុភូមិជាទីស្នេហារបស់យើង ក្រោមពាក្យស្លោក «ប្តេជ្ញា! បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ»។
ទន្ទឹមនេះដែរក្នុងពិធីបិទលោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានផ្តួចផ្តើមរៀបចំវគ្គបំពាក់បំប៉នដ៏មានសារសំខាន់នេះឡើង ដើម្បីពង្រឹងសមត្ថភាពស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ។
លោកបានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាព និងខិតខំប្រឹងប្រែងអនុវត្តការងារជូនអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់គុណភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវខ្ពស់៕




