កិច្ចប្រជុំលើកទី២ អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយការប្រកាសសមាសភាពក្រុមទីប្រឹក្សាបច្ចេកទេស

30-03-2026 19:49

(ពោធិ៍សាត់)៖ កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិលើកទី២ អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ ដែលបានដំណើរការពេញមួយថ្ងៃ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះរៀបចំឡើង នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ក្រោមការសហការរវាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រដ្ឋបាលខេត្ត សម្ព័ន្ធភាពជាតិ និងអង្គការអេដ អេ អាកស្យុង (Aide et Action) ក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប។

លោក សំរិទ្ធិ អេង អនុប្រធានសម្ព័ន្ធភាពជាតិ និងជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត បានបង្ហាញរបាយការណ៍បូកសរុបដោយបញ្ជាក់ថា កិច្ចប្រជុំបានសម្រេចលទ្ធផលជាផ្លូវការ លើការងារសំខាន់ៗ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។ លោកបានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់សមាគម ក្នុងការជំរុញ "រដ្ឋបាលឌីជីថល" ឱ្យកាន់តែមានប្រសិទ្ធភាព រហ័ស ទាន់ពេល និងសន្សំសំចៃ ស្របតាមបរិបទទំនើបកម្ម។

ជាចំណុចពិសេសនៃកិច្ចប្រជុំ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិថ្នាក់មូលដ្ឋាន បានអានសេចក្តីសម្រេចបង្កើតក្រុមទីប្រឹក្សាបច្ចេកទេស សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ ចំនួន០៩រូប ដែលមានសមាសភាពថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖
ទី១-លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធានកិត្តិយស។
ទី២-លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ជាប្រធានក្រុមទីប្រឹក្សាបច្ចេកទេស។

ក្រុមទីប្រឹក្សានេះ មានភារកិច្ចស្នូល ក្នុងការផ្តល់អនុសាសន៍បច្ចេកទេស លើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពជាដៃគូជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។

ក្នុងនាមតំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ព័ន្ធភាពជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន ក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា"ទោះបីជាយើងសម្រេចបានសមិទ្ធផលច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែបេសកកម្ម និងផែនការយុទ្ធសាស្ត្ររបស់សមាគម ត្រូវតែបន្តសម្រួចឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវតម្លាភាព ភាពជឿជាក់ និងប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបម្រើប្រជាពលរដ្ឋ។"

កិច្ចប្រជុំបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងសាមគ្គីភាព ជាមួយការប្តេជ្ញាចិត្តរួមគ្នាអនុវត្តតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ដើម្បីឧត្តមប្រយោជន៍រួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្តពោធិ៍សាត់៕