រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាវប្បធម៌ជាតិលើកទី២៨ និងមហោស្រពពិព័រណ៍នំខ្មែរ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
30-03-2026 20:57
(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ និងមហោស្រពពិព័រណ៍នំខ្មែរ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងបំផុសស្មារតីយុវជន ឱ្យចូលរួមថែរក្សាកេរដំណែលដូនតា និងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិល្បៈវប្បធម៌ជាតិ។
ពិធីនេះត្រូវបានរៀបចំឡើង នៅបរិវេណសារមន្ទីរខេត្ត ក្រោមអធិបតីភាព លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព និងសិល្បករជាច្រើនរូប។
លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានរាយការណ៍ពីសមិទ្ធផលសំខាន់ៗដែលសម្រេចបាន រួមមាន៖ កំណត់និយាមកាស្ថានីយបុរាណបាន ១០ទួល, ចុះបញ្ជីវត្ថុសិល្បៈបាន ៩៤វត្ថុ និងទទួលវត្ថុសិល្បៈថ្មី ០៣ដុំ។ រៀបចំមហោស្រពដណ្ដាំស្លម្ហូបអាហារ និងពិព័រណ៍នំខ្មែរ, បង្ហើរខ្លែងឯក និងផលិតវីដេអូឯកសារចំនួន ១៨ចំណងជើង។ បំផុសអត្ថន័យរបាំដល់យុវជនជាង ៣,០០០នាក់ និងគ្រប់គ្រងក្រុមសិល្បៈមហាជនចំនួន ៣៨ក្រុម។
ក្នុងឱកាសនោះ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ទិវាវប្បធម៌ជាតិឆ្នាំនេះ មិនត្រឹមតែជាការរំលឹកគុណបុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ និងអត្តសញ្ញាណដ៏រុងរឿងរបស់ខេត្តពោធិ៍សាត់។ លោកស្រីបានសង្កត់ធ្ងន់ថា វប្បធម៌គឺជាដួងព្រលឹង និងជាកិត្យានុភាពជាតិ ដែលធ្វើឱ្យសង្គមរស់នៅដោយសុខដុមរមនា។ លោកស្រីបានថ្លែងអំណរគុណដល់បុព្វបុរសខ្មែរ និងបានលើកទឹកចិត្តដល់ «យុវជនអ្នកបន្តវេន» ឱ្យចាត់ទុកការថែរក្សាវប្បធម៌ជាកាតព្វកិច្ចចម្បង។
ដើម្បីបន្តការពារ «ពណ៌សម្បុរជាតិ» ឱ្យបានគង់វង្ស លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ការការពារវប្បធម៌មិនមែនជារឿងដាច់ដោយឡែករបស់មន្ទីរជំនាញឡើយ ប៉ុន្តែជាភារកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន។ ជាមួយគ្នានោះ លោកស្រីជំរុញឱ្យសិល្បករ និងមន្ត្រីពាក់ព័ន្ធ បន្តកែលម្អគុណភាពបច្ចេកទេស និងការច្នៃប្រឌិត ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គម។
លោកស្រី ប៉ុក ណាឌី ក៏ស្នើឱ្យវិស័យឯកជន និងសាធារណជន បន្តជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពវប្បធម៌ និងផលិតផលខ្មែរឱ្យកាន់តែខ្លាំងក្លាថែមទៀត។
លោកស្រីអភិបាលរងខេត្ត ក៏បានបង្ហាញនូវការសោកស្តាយបន្តិចបន្តួច ចំពោះការខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃ "ព្រឹត្តិការណ៍បុណ្យទន្លេ" ក្នុងឆ្នាំនេះ ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចរៀបចំនៅខេត្តក្រចេះវិញ តាមការចាំបាច់នៃផែនការយុទ្ធសាស្ត្រទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីនៅតែមានក្តីសង្ឃឹមយ៉ាងមុតមាំ និងត្រៀមលក្ខណៈជាស្រេច ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ មកកាន់ទឹកដីខេត្តពោធិ៍សាត់វិញ នៅឆ្នាំខាងមុខៗទៀត ក្រោយពេលស្ថានភាព និងលក្ខខណ្ឌបច្ចេកទេសនានា ត្រូវបានរៀបចំរួចរាល់។
ក្នុងឱកាសនោះក៏មានការសម្តែងសិល្បៈទស្សនីយភាពចម្រុះ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រមទាំងការប្រគល់លិខិតថ្លែងអំណរគុណ ដល់ប្រធានក្រុមសិល្បៈមហាជន អ្នកគ្រូសិល្បៈ អ្នកតាំងបង្ហាញស្នាដៃ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕
Ti Amo (ពស)





















































