ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK នៅទួលទំពូងពាក់ព័ន្ធករណី online scam

30-03-2026 21:20

(ភ្នំពេញ)៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ បន្ទាប់ពីមានការសង្ស័យថា លបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចូលរួមពីអាជ្ញាធរខណ្ឌចំការមន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រុមការងារបានពិនិត្យឃើញភាពមិនប្រក្រតីនៅជាន់ទី៧ និងជាន់ទី១០ ដោយបានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ស្រី្ត ០២នាក់) ជាជនជាតិវៀតណាម ដែលក្នុងនោះមាន ០៧នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។

ជាលទ្ធផលសមត្ថកិច្ចរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានៈ ម៉ូនីទ័រចំនួន ៣០ គ្រឿង, ទូរសព្ទដៃចំនួន ៧៣គ្រឿង , កុំព្យូទ័រ All In One ចំនួន ០៦គ្រឿង និង CPU ចំនួន ២៧គ្រឿង។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រុមនេះ បានធ្វើសកម្មភាពលោងលោមស្នេហា មានគោលដៅច្បាស់លាស់ក្នុងការ «ជំរិតទារប្រាក់ ឬគំរាមកំហែង» ដោយប្រើប្រាស់វីដេអូអាសអាភាសដែលលួចថតបាន ទៅផ្ញើឱ្យក្រុមគ្រួសារ ឬកន្លែងការងាររបស់ជនរងគ្រោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប្រសិនបើមិនធ្វើតាមការទាមទាររបស់ពួកគេ។

បច្ចុប្បន្ន មនុស្សទាំង ១៧នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦កន្លែង។ ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន៧៩ សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)។ អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕