ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសង្គមកិច្ច ចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនក្រមានិងបណ្ណជូនពរដើម្បីវីរៈកងកម្លាំងជួរមុខ»
30-03-2026 21:24
(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនក្រមា ១ម៉ឺនសារជូនវីរកងទ័ព ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងនិង ក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច បានរួមគ្នាផ្តល់ជូនជាក្រមា ក៏ដូចជាសរសេរជាសារជូនពរ និង បង្ហាញពីទឹកចិត្តដឹងគុណ ដល់វីរកងទ័ព ដែលហ៊ានលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែនកន្លងមកនេះ។
ការរៀបចំរបស់ ស.ស.យ.ក វិស័យសង្គមកិច្ច ធ្វើឡើងនៅក្រសួងសង្គមកិច្ច ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣ ខែមេសា បន្ទាប់ពីបញ្ចប់ការប្រមូលរួច ក្រុមការងារនឹងប្រមូលយកទៅប្រគល់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលទីតាំងធំ រៀបចំនៅសួនវត្តបទុមវតី។
គោលបំណងនៃការបង្កើតយុទ្ធការនេះ ដើម្បីជាវេទិកាជូនសាធារណជនក្នុងការបង្ហាញនូវក្ដីនឹករលឹកនិងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិតសាច់ស្រស់ឈាមស្រស់និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។
ក្នុងន័យនេះដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការខាងលើនេះ ស.ស.យ.ក វិស័យសង្គមកិច្ច នឹងរៀបចំកន្លែងទទួលក្រមានិងបណ្ណជូនពរ ពីថ្នាក់ដឹកនាំប្រធានអង្គភាពមន្ត្រីរាជការបុគ្គលិកទាំងអស់ដើម្បីយកទៅប្រគល់ជូនវីរៈកងកម្លាំងជួរមុខតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា៕



































