ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ត្រូវបានបិទបញ្ចប់ជាមួយចំណងដៃជាប្រវតិ្តសាស្រ្តដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់រដ្ឋបាល ​និងប្រជាពលរដ្ឋខេត្តក្រចេះ

30-03-2026 21:52

(ក្រចេះ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីបិទព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ដោយមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងភរិយា, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងអន្តរក្រសួង វិស័យឯកជន បណ្ដាញសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋចូលរួមសរុបជាង ៣,០០០ នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

រដ្ឋមន្ត្រី ហួត ហាក់ បានសម្ដែងនូវកិត្តិយស និងសេចក្តីរីករាយយ៉ាងខ្លាំង ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើជាអធិបតីពិធីបិទព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃកន្លងមកនេះ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នេះប្រព្រឹត្តទៅបានប្រកបដោយភាពអធិកអធម មានភាពរលូន សុវត្ថិភាពខ្ពស់ និងសណ្តាប់ធ្នាប់សាធារណៈល្អ ព្រមទាំងរក្សាបាននូវបរិស្ថានអនាម័យស្អាត និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។

នៅក្នុងរយៈពេល៣ថ្ងៃនេះ ខេត្តក្រចេះបានទទួលស្វាគមន៍ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីប្រមាណជិត៣២ម៉ឺននាក់ ដែលជាកត្តាសំខាន់បង្ហាញពីភាពទាក់ទាញ និងសក្តានុពលដ៏ខ្លាំងក្លានៃវិស័យទេសចរណ៍តាមដងទន្លេកម្ពុជា។

ជាមួយគ្នានេះ កម្មវិធីនានាក្នុងព្រឹត្តិការណ៍ត្រូវបានរៀបចំយ៉ាងសម្បូរបែប និងមានភាពទាក់ទាញខ្ពស់ រួមមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក ការសម្ដែងសិល្បៈវប្បធម៌ ការប្រគុំតន្ត្រី និងកម្មវិធីកម្សាន្តជាច្រើនទៀត ដែលបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាជាច្រើនម៉ឺននាក់ និងទទួលបានការគាំទ្រយ៉ាងផុសផុលលើសពីការរំពឹងទុក។

លើសពីនេះទៅទៀត សកម្មភាពកីឡាទេសចរណ៍ទាំងលើទឹក និងលើគោក ចំនួន៦ប្រភេទ ក៏បានរៀបចំឡើងយ៉ាងរស់រវើក ដោយមានអ្នកចូលរួម និងអ្នកទស្សនាសរុបប្រមាណ ៤,៥០០នាក់ ដែលបានបង្កើនភាពសប្បាយរីករាយ និងបរិយាកាសស្និទ្ធស្នាលក្នុងព្រឹត្តិការណ៍ទាំងមូលដោយបានរៀបចំកម្មវិធីអមសំខាន់ៗចំនួន១១ រួមបញ្ចូលសកម្មភាពសាសនា វប្បធម៌ មនុស្សធម៌ កីឡា និងការអប់រំផ្សព្វផ្សាយ ក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិ និងសាមគ្គីភាពសង្គម។

ក្នុងនោះរួមមាន ពិធីរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វបុរសខ្មែរ និងវីរកងទ័ព កម្មវិធីបណ្តែតប្រទីបបួងសួងសុំសេចក្តីសុខសន្តិភាព និងវិបុលភាពជូនជាតិ កម្មវិធីដុតក្រឡាន កម្មវិធីចែកអំណោយសប្បុរសធម៌ ការដាំដើមឈើ និងការលែងត្រីចូលទន្លេ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ជាតិ និងការយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។

ក្នុងន័យនេះ ព្រឹត្តិការណ៍បុណ្យទន្លេ ក៏បានផ្តល់អាទិភាពយ៉ាងសំខាន់លើយុទ្ធនាការ «កម្ពុជាស្អាត ក្រចេះស្អាត បុណ្យទន្លេគ្មានសម្រាម» ដែលបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីសាធារណជន និងយុវជន ក្នុងការថែរក្សាបរិស្ថាន សោភ័ណភាព និងអនាម័យទីក្រុង។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃព្រឹត្តិការណ៍បុណ្យទន្លេ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជាយន្តការយុទ្ធសាស្ត្រសំខាន់មួយ ចាប់តាំងពីឆ្នាំ២០១៤ ក្នុងការប្រែក្លាយបណ្តាខេត្តជាប់ដងទន្លេឱ្យក្លាយជាប៉ូលទេសចរណ៍ដ៏មានសក្តានុពល ស្របតាមទិសដៅនៃការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។

ទន្ទឹមនឹងនេះ ការរៀបចំសិក្ខាសាលា និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗដូចជា «ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពតាមដងទន្លេ» និង «ការអភិវឌ្ឍខ្សែទស្សនកិច្ច » ដើម្បីភ្ជាប់ធនធានធម្មជាតិ វប្បធម៌ និងសហគមន៍ បង្កើតផលិតផលទេសចរណ៍ថ្មីៗ មានអត្តសញ្ញាណពិសេស និងបង្កើនរយៈពេលស្នាក់នៅរបស់ភ្ញៀវ។

រដ្ឋមន្ត្រី ហួត ហាក់ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល សិល្បករ កីឡាករ វិស័យឯកជន ដៃគូអភិវឌ្ឍ អ្នកឧបត្ថម្ភ និងប្រជាពលរដ្ឋ ដែលបានរួមគ្នាជាសហថាមពលធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងអស្ចារ្យ។

ជាពិសេស បានសម្ដែងការកោតសរសើរចំពោះប្រជាពលរដ្ឋខេត្តក្រចេះ ដែលបានបង្ហាញនូវភាពរាក់ទាក់ ស្នាមញញឹម និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងនាមជាម្ចាស់ផ្ទះល្អ។ លើសពីលើនេះ រដ្ឋមន្ត្រី ហួត ហាក់ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរក្សាសន្ទុះនៃការអភិវឌ្ឍ និងស្មារតីរួមគ្នា ដើម្បីបន្តជំរុញការអភិវឌ្ឍតំបន់តាមដងទន្លេឱ្យក្លាយជា «ខ្សែក្រវាត់សេដ្ឋកិច្ចបៃតង» ប្រកបដោយនិរន្តរភាព និងភាពរស់រវើក។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានប្រកាសបិទជាផ្លូវការព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ និងអំពាវនាវឱ្យភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈទិសស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍», «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ដើម្បីធានាឱ្យវិស័យទេសចរណ៍កម្ពុជា បន្តរីកចម្រើនយ៉ាងរឹងមាំ បរិយាបន្ន និងចីរភាព។

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលបានរៀបចំឡើងនៅខេត្តក្រចេះ រយៈពេល៣ថ្ងៃនេះ បានទាក់ទាញភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៣១៧,៦៨៥នាក់ ដែលក្នុងនោះ រួមមានទេសចរជាតិស្នាក់នៅប្រមាណជិត៦,៥០០នាក់ ប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណជិត៣១១,០០០នាក់ និងទេសចរអន្តរជាតិប្រមាណជិត៣៥០នាក់៕